(ពោធិ៍សាត)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញកាត់ខ្សែបូសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង១ខ្សែ ប្រវែង២៥០ម៉ែត្រ ស្ថិតក្នុងភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ផ្លូវបេតុងមួយខ្សែនេះ ចាប់ផ្តើមសាងសង់នៅចុងខែកក្កដា និងបញ្ចប់ជាស្ថាបពរនៅពាក់កណ្តាលខែសីហា ឆ្នាំ២០១៦នេះ ដោយប្រើរយៈពេល២៣ថ្ងៃ និងចំណាយថវិកាអស់ ១២៣០០ដុល្លារ ក្នុងនោះមានការចូលរួម ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក ស្មាអែល អាលី អនិកជនកម្មនៅអាមេរិក, ប្រជាជនខ្មែរឥស្លាមនៅភូមិឥស្លាម និងភូមិផ្សេងៗ ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បន្ទាយដីផងដែរ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរ ឥស្លាមនាឱកាសនោះ លោក ម៉ៅ ធនិន បានបញ្ជាក់ថា នៅក្នុងសង្គមជាតិយើងនាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថេរភាពពេញលេញ គឺដោយមានគោលនយោបាយដឹកនាំប្រទេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យវិស័យសាសនានានា រួមទាំងវិស័យសាសនាខ្មែរឥស្លាមផង មានការរីកចម្រើនឥតឈប់ឈរ។
លោកបានបញ្ជាក់ថា សាសនាទាំងអស់នោះ កើតមានប្រកបទៅដោយសុខដុមរមនីកម្ម មិនមានការខ្វែងគំនិត ការរំលោភសិទ្ធិសេរីភាពសាសនាណាមួយឡើយ គឺស្ថិតនៅក្រោមដំបូលតែមួយគត់របស់រាជរដ្ឋាភិបាល និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបញ្ជាក់ទៀតថា គ្រប់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា បានចាប់កំណើតឡើងវិញម្តងទៀត ក្នុងពេលតែមួយ គឺថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយសារគុណបំណាច់ដ៏ធំធេងរបស់សម្តេចទាំងបី។
ក្នុងនាមអាជ្ញាធរខេត្ត លោកអំពាវនាវដល់បងប្អូនខ្មែរ អ៊ីស្លាមទាំងអស់ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច គ្មានក្មេងទំនើង គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសង ចូលរួមគោរពច្បាប់ចរាចរណ៍ ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានោះ លោក ម៉ៅ ធនិន ក៏បានបន្តចុះពិនិត្យផ្លូវលំក្រាលគ្រួសក្រហម និងបានដោះស្រាយសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងរស់នៅក្នុងភូមិដដែលនោះផងដែរ៕