(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤) នៅបរិវេណសួនវិមានឯករាជ្យសម្តេចក្រឡាហោម ស ខេង ក្នុងក្រុងបាត់ដំបង។

អង្គមិទ្ទីងនេះធ្វើឡើងក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្ត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជនកម្ពុជា និងជាប្រធានគណ:កម្មាធិការបក្សខេត្ត និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជនកម្ពុជា និងជាអនុប្រធានគណ​ៈអចិន្ត្រៃយ៍គណ:កម្មាធិការបក្សខេត្តបាត់ដំបង
ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាពនានា ជុំវិញខេត្ត យុវជន សិស្ស និស្សិត អភិបាលក្រុងស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។

លោក សុខ លូ បានលើកឡើងថា ជ័យជម្នះ៧មករា បានសង្គ្រោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងនៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះបានរស់ឡើងវិញ។

ជ័យជម្នះ៧មករាបានផ្តល់កំណើតទីពីរដល់ប្រជាជនកម្ពុជាគ្រប់រូប និងបានផ្ដល់ក្ដីសង្ឃឹមចំពោះអនាគតរបស់ប្រទេសជាតិ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើសនិងបំផ្លាញបានឡើយ។

លោកអភិបាលខេត្តបានបន្តថា ក្រោយថ្ងៃរំដោះ៧មករា ទន្ទឹមនឹងការសប្បាយរីករាយចំពោះការរស់ឡើងវិញរបស់ជាតិ កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ដែលបណ្តាលមកពីការគំរាមកំហែង និងការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ កាកសំណល់នៃសង្គ្រាមបំផ្លិចបំផ្លាញ ដែលមាននៅគ្រប់ទិសទី និងផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងដំណាក់កាលដ៏សែនលំបាកជាទីបំផុត ដែលត្រូវដឹកនាំស្ដារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនពីលេខសូន្យ និងពីបាតដៃទទេ និងត្រូវប្រយុទ្ធទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលមកលើទឹកដីកម្ពុជាសារជាថ្មីវិញ កម្ពុជាក៏ត្រូវបានប្រទេសមួយចំនួនហ៊ុមព័ទ្ធទាំងខាងនយោបាយ និងសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ថែមទៀតផង។

ផ្តើមពីជ័យជម្នះជាប្រវត្តិសាស្ត្រ៧មករា កម្ពុជាបាននិងកំពុងឈានឆ្ពោះទៅមុខតាមទិសដៅដ៏ត្រឹមត្រូវដែលស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ទោះបីជាត្រូវជួបនឹងការលំបាក និងភាពបត់បែនយ៉ាងច្រើនក្តី តែកម្ពុជាមានភព្វសំណាងដ៏ធំធេង ដែលមានសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសន៍ឯក បានដឹកនាំប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យ៕