(ស្វាយរៀង)៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងថា ក្រោមស្មារតីជ័យជម្នះ៧មករា នយោបាយឈ្នះឈ្នះ និងក្រោមម្លប់សន្តិភាព យើងទាំងអស់គ្នាត្រូវរួបរួមគ្នាដើម្បីអនាគតមួយល្អប្រសើរសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសលោកទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំប្រារព្ធមីទ្ទីងរំឭកខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤) នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងក្រុងបាវិតទាំងមូល។

ទេសរដ្ឋមន្រ្តី លី ធុជ បានរំឭកថា ការជួបជុំគ្នាប្រចាំឆ្នាំក្នុងទិវាជ័យជម្នះប្រវត្តិសាស្រ្តនេះថា គឺជាថ្ងៃដែលប្រជាជនកម្ពុជាទាំងអស់គ្នាបានរួចកផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាជនកម្ពុជាទាំងអស់គ្នាបានសម្តែងនូវទុក្ខក្រៀមក្រំដែលជាតិសាសន៍ខ្មែរដែលបានពលីបាត់បង់អាយុជីវិត និងបែកបាក់ក្រុមគ្រួសារ ក្នុងរបបប្រល័យពូជសាសន៍។ ប្រជាជនកម្ពុជាទាំងអស់គ្នាបានសប្បាយរីករាយបន្ទាប់ពីការរស់រានមានជីវិតឡើងវិញ និងចាប់ផ្តើមសម្លឹងមើលទៅរកអនាគតថ្មីមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា និងបានសម្តែងនូវគុណូបការៈ ដឹងគុណ និងកត្តញ្ញូតាធម៌ជូនរបស់វីរយុទ្ធជន យុទ្ធនារី ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍រំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីស្លាប់។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តីបានលើកឡើងទៀតថា ការប្រារព្ធខួប៧មករាបានរំឭកឱ្យយើងទាំងអស់គ្នាបានដឹងនូវមេរៀនជាច្រើនសម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរ ត្រូវចងចាំនិងត្រូវខិតខំពុះពារគ្រប់បែបយ៉ាង កុំឱ្យប្រវត្តិសាស្រ្តបែបនេះកកើតឡើងជាលើកទី២នៅកម្ពុជា ក៏ដូចជាបង្រៀនឱ្យយើងចេះស្រឡាញ់គ្នា និងរួមគ្នាកសាងនូវអនាគតដ៏ល្អសម្រាប់ជាតិមាតុភូមិរបស់យើង។

ទេសរដ្ឋមន្រ្តីបានបន្តទៀតថា យើងទាំងអស់គ្នាត្រូវរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយល្អប្រសើរសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចបានខិតខំប្រឹងប្រែងបំពេញការងារទាំងយប់ ទាំងថ្ងៃ ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីជាតិរបស់យើង។ រយៈពេលជាង៤ខែ នៃរដ្ឋាភិបាលអាណត្តិទី៧ ប្រជាជនកម្ពុជាទាំងអស់បានដឹងយ៉ាងច្បាស់ថា សម្តេចធិបតីពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ និងបង្កើតនូវក្តីសង្ឃឹមភ្លឺស្វាងមួយសម្រាប់ប្រជាជនកម្ពុជា៕