(កំពង់ចាម)៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តកំពង់ចាម បានថ្លែងថា ផ្តើមពីជ័យជម្នះជាប្រវត្តិសាស្ត្រ៧មករា កម្ពុជាបាននិងកំពុងឈានឆ្ពោះទៅមុខតាមទិសដៅដ៏ត្រឹមត្រូវ ដែលស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា។

លោកថ្លែងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាមជាច្រើនរូបទៀត នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ្យក្នុងក្រុងកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ជ័យជម្នះ៧មករា បានសង្គ្រោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា, បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងនៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះបានរស់ឡើងវិញ។ ជ័យជម្នះ៧មករាបានផ្តល់កំណើតទីពីរដល់ប្រជាជនកម្ពុជាគ្រប់រូប និងបានផ្ដល់ក្ដីសង្ឃឹមចំពោះអនាគតរបស់ប្រទេសជាតិ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើសនិងបំផ្លាញបានឡើយ។

លោកបានបន្តថា ក្រោយថ្ងៃរំដោះ៧មករា ទន្ទឹមនឹងការសប្បាយរីករាយចំពោះការរស់ឡើងវិញរបស់ជាតិ កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនាដែលបណ្តាលមកពីការគំរាមកំហែង និងការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ កាកសំណល់នៃសង្គ្រាមបំផ្លិចបំផ្លាញ ដែលមាននៅគ្រប់ទិសទី និងផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងដំណាក់កាលដ៏សែនលំបាកជាទីបំផុត ដែលត្រូវដឹកនាំស្ដារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនពីលេខសូន្យ និងពីបាតដៃទទេ និងត្រូវប្រយុទ្ធទប់ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលមកលើទឹកដីកម្ពុជាសារជាថ្មីវិញ កម្ពុជាក៏ត្រូវបានប្រទេសមួយចំនួនហ៊ុមព័ទ្ធទាំងខាងនយោបាយ និងសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ថែមទៀតផង។

លោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា «ផ្តើមពីជ័យជម្នះជាប្រវត្តិសាស្ត្រ៧មករា កម្ពុជាបាននិងកំពុងឈានឆ្ពោះទៅមុខតាមទិសដៅដ៏ត្រឹមត្រូវ ដែលស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា»

លោកបន្តថា ទោះបីជាត្រូវជួបនឹងការលំបាក និងភាពបត់បែនយ៉ាងច្រើនក្តី តែកម្ពុជាមានភព្វសំណាងដ៏ធំធេង ដែលមានសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសក៍ឯកបានដឹកនាំប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យ។

កម្ពុជាបានបោះជំហានទៅមុខមួយជំហានម្តងៗ ឆ្ពោះទៅសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ និងរីកចម្រើនរបស់ប្រជាជាតិខ្មែរទាំងមូល។ ទាំងអស់នេះជាការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្រ នៃកម្ពុជាក្នុងរយៈពេលជាង ៤ទសវត្សរ៍ចុងក្រោយនេះ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ពីការចូលរួមដោយទឹកចិត្តស្នេហាជាតិដ៏ពុះពោររបស់ប្រជាជនគ្រប់ស្រទាប់ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កសិករ កម្មករ អាជីវករ ពលករទូទៅ និងគ្រប់មជ្ឈដ្ឋាននានាក្នុងសង្គម ក្នុងដំណើរការស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការជួយឧបត្ថម្ភដ៏ស្មោះសពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិផងដែរ៕