(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល លោកអភិបាលខេត្តកំពង់ធំ អភិបាលរងខេត្ត, ប្រធានមន្ទីរ អង្គភាព កម្លាំងសមត្ថកិច្ច, អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសមាជិក គណបក្សប្រជាជនខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរខួបទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) ខេត្តកំពង់ធំ។

នាឱកាសនោះលោកបណ្ឌិត ថោង ខុន ក៏បានអានសុន្ទរកថាដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសដែលសម្តេចតេជោ​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីបានអានសុន្ទរកថា ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន រួច លោកបណ្ឌិត ថោង ខុន តាងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក៏បានបង្ហាញសេចក្តីរីករាយក្រៃលែង ដែលបានចូលរួមជាមួយព្រះតេជគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកា គណបក្សប្រជាជនខេត្តកំពង់ធំ ក្នុងពិធីមិទ្ធីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៤)។

លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ការប្រារព្ធពិធីមិទ្ធីញនេះ ស្របពេលដែលគណបក្សប្រជាជន កម្ពុជានៅទូទាំងប្រទេសបាននឹងកំពុងប្រារព្ធពិធីនេះយ៉ាងអធិបអធម ពិសេសការរៀបចំប្រារព្ធមិទ្ទីញដ៏ធំនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។

បើតាមលោកបណ្ឌិត ថោង ខុន គោលបំណងនៃការរៀបចំទិវាជ័យជំនៈ ៧ មករា គឺដើម្បី៖

ទី១៖ ធ្វើឲ្យសមាជិក សមាជិកាគណបក្ស និងមហាជន បានយល់ច្បាស់អំពីប្រវត្តិ និងអត្ថន័យដ៏ថ្លៃថ្លាបំផុតនៃជ័យជំនះ ៧ មករា សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ លើមូលដ្ឋាននោះ ចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុងឧត្តមរបស់វីរយុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ព្រមទាំងមិត្តភក្តិទាំងឡាយ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចបំផុត ក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និង ការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។

ទី២៖ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អំពីសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តរបស់ជាតិដែលសម្រេចបានក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកម្ពុជា ព្រមទាំងមេរៀន បទពិសោធន៍ដ៏ថ្លៃថ្លារបស់ជាតិ ហើយប្តេជ្ញាថែរក្សា ពង្រឹង និងពង្រីកសមិទ្ធផលទាំងនេះ ឲ្យបានស្ថិរស្ថេរ គង់វង្ស និងរីកចម្រើនតទៅមុខទៀត។

ទី៣៖ ធ្វើឲ្យសាធារណមតិជាតិ អន្តរជាតិ បានឃើញច្បាស់ថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងរឹងមាំលើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ និងការប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ ដោយផ្អែក លើច្បាប់ ការពារដាច់ខាតនូវអធិបតេយ្យជាតិ។

ទី៤៖ ពង្រឹងកម្លាំងមហាសាមគ្គីភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សាសន្តិភាព ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រប់សរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឲ្យបានសម្រេចជោគជ័យ និងលុបបំបាត់នយោបាយជ្រុលនិយម គ្រប់រូបភាពឲ្យអស់ពីកម្ពុជា។

សូមបញ្ជាក់ដែរថា នៅចុងបញ្ចប់នៃពិធីនេះលោកបណ្ឌិត ថោង ខុន ក្នុងនាមសមាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក៏បានចែកអំណោយដល់និវត្តន៍ជនខេត្តកំពង់ធំចំនួន ៧០នាក់ផងដែរ៕