(កំពង់ធំ)៖ លោក ថោង ខុន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងថាខួបអនុស្សាវរីយ៍៤៥ឆ្នាំនៃទិវាជ័យជម្នះ៧មករា កម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ពិសេសកំពុងបន្តទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយនឹងការលេចត្រដែតឡើងនូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។

លោក ថោង ខុន បានថ្លែងក្នុងខួបលើកទី៤៥នៃទិវាជ័យជម្នះ៧មករា (៧.១.១៩៧៩-៧.១.២០២៤) នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅសួនមាត់ស្ទឹងសែន ដែលមានការចូលរួមពីលោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងសមាជិកសមាជិកាគណបក្សជាច្រើននាក់ផងដែរ។

លោកបន្តថា ថ្ងៃនេះ ជាទិវាគម្រប់ខួបលើកទី៤៥នៃជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិខ្មែរឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលារួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា និងរបស់មនុស្សជាតិ។

លោកបានបន្តថា ឆ្លងកាត់រយៈពេល៤៥ឆ្នាំមកនេះ បានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជាបាននិងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទីទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបញ្ចាក់ថា ប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយនិងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅពីការចូលរួមនៃវិស័យឯកជននិងសង្គមស៊ីវិល ព្រមទាំងការគាំទ្រនិងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិពេញចិត្តលើការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា។

លោកបានបន្ថែមថា នៅឆ្នាំ២០២៤នេះ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់បៀវត្សមួយកម្រិតទៀត ព្រមជាមួយនេះប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ។

កម្មវិធីនេះក៏មានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាល អភិបាលរងខេត្ត មន្ទីរអង្គភាព កម្លាំងសមត្ថកិច្ចជុំវិញខេត្ត និវត្តជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវតី ប្រជាពលរដ្ឋខេត្ត និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រមាណជិត៥ពាន់នាក់។ បន្ទាប់ពីកម្មវិធីនេះ លោក ថោង ខុន ក៏បានចែកអំណោយដល់និវត្តជនខេត្តកំពង់ធំចំនួន៧០នាក់ផងដែរ៕