(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងថា ជោគជ័យ និងការសប្បាយរីករាយ របស់ប្រជាជនកម្ពុជា នៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា ពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង​ថ្នាក់​ដឹក​នាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប​៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ជោគជ័យ និងការសប្បាយរីករាយ របស់ប្រជាជនកម្ពុជាយើង នៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំង មហាសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើងបានឈានឡើង ពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្ស ក៏ពុំអាចបង្កើតសន្តិភាពបានដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា អាស្រ័យហេតុនេះ យើងត្រូវសាមគ្គីគ្នា រួមចិត្ដតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយ លំបាកបំផុតនេះ ឲ្យគង់វង្សឋិតថេរ មិនឲ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្ដី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរ និងគាំទ្រទាំងស្រុងនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យក ថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណា- ចក្រកម្ពុជា និងជាថ្ងៃឈប់សម្រាកសាធារណៈ។

គូសបញ្ជាក់ថា ថ្ងៃជ័យជម្នះ «៧មករា» គឺជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពី​រណ្តៅ​មរណៈ ​នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា៕