(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា សម្តេចបានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨មក។

ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិតីភាពប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក»

ស្ថានិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជោគជ័យនៃនយោបាយឈ្នះឈ្នះ បានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈកាលជាង៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាមនេះបាននឹងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសសង្គម-សេដ្ឋកិច្ច និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាឱ្យសម្រេចបានជោគជ័យយ៉ាងធំធេង»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រយៈពេល ៤៥ឆ្នាំកន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលពុំនឹកស្មានដល់ជាពិសេសក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជាមានសន្តិភាពពេញលេញ។ កម្ពុជាដែលពីមុនកើតមានសង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។

សម្តេចតេជោ ហ៊ុន​ សែន បានបន្តថា កម្ពុជាដែលខឿនសេដ្ឋកិច្ច សង្គម ត្រូវបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ បានក្លាយជាទឹកដីដែលមានការអភិវឌ្ឍលើ គ្រប់វិស័យប្រកបដោយចីរភាព និងសមធម៌ ហើយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងមានក្តីសង្ឈឹមចំពោះអនាគត។

ទន្ទឹមនឹងនេះដែរ ស្ថាបនិកសន្តិភាពកម្ពុជា បានឱ្យដឹងថា កម្ពុជាដែលធ្លាប់តែត្រូវគេឈ្លានពាន ប្រមាថ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ ឥឡូវនេះ គឺជារដ្ឋមួយដែលមានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ បានធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ និងពិភពលោក និងកំពុងចូលរួមយ៉ាងសកម្មក្នុងរាល់កិច្ចការអន្តរជាតិ ដោយស្មើភាព និងស្មើសិទ្ធិ ធ្វើឱ្យកិត្យានុភាពជាតិបានលេច ត្រដែតលើផ្ទៃរាបអន្តរជាតិ។ ព្រមជាមួយនេះកម្ពុជាដែលត្រូវមជ្ឈដ្ឋានខាងក្រៅវាយតម្លៃថា ជាប្រទេសមានខឿន សុខាភិបាលទន់ខ្សោយនោះ បានខិតខំពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ហើយបានក្លាយជាប្រទេសឈានមុខមួយនៅលើពិភពលោកក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ ការពារបាននូវអាយុជីវិតរបស់ប្រជាជន។

សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ដោយឡែកនៅក្នុងឆ្នាំ២០២៣ ដែលទើបតែកន្លងផុតទៅនេះ ប្រជាជនកម្ពុជាបានរស់នៅយ៉ាង សុខដុមរមនា ក្រោមម្លប់នៃសន្តិភាពដែលត្រូវបានការពារថែរក្សាយ៉ាងរឹងមាំ និងបានសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន ទោះបីជាត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ១៩ និងបញ្ហាប្រឈមផ្សេងៗទៀតក្តី។ សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិកូវីដ១៩វិញ, លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋកាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ ជាពិសេស ការប្រព្រឹត្តទៅដោយជោគជ័យនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានឆ្លុះបញ្ចាំង អំពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ និង ភាពត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោតនេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជ័យជម្នះ ដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតនេះ បានផ្តល់លទ្ធភាពពេញលេញឱ្យគណបក្សប្រជាជនកម្ពុជាប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេនវ័យក្មេងដ៏មានសក្តានុពល ដែល គណបក្សបានអប់រំបណ្ដុះបណ្ដាល និងត្រៀមលក្ខណៈយ៉ាងម៉តចត់បំផុត ក្រោមការសាទរ និងគាំទ្រយ៉ាងកក់ក្ដៅពីប្រជាជន។

មកដល់ពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សាពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់៕