(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាសូមអបអរសាទរ និងគាំទ្រទាំងស្រុងនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា និងជាថ្ងៃឈប់សម្រាកសាធារណៈ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះនាឱកាសដែលសម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ក្នុងជំហរដ៏មុតមាំនេះ គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរ និងគាំទ្រទាំងស្រុងនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតាមរយៈអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា និងជាថ្ងៃឈប់សម្រាកជាសាធារណៈ»

សម្តេចតេជោ បានបន្ថែមថា ជោគជ័យនិងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។ ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិបានឈានឡើងពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ។

ស្មារតី៧ មករា មានគុណតម្លៃធំធេងជាអមតៈ សម្រាប់ប្រជាជនយើងក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ព្រមជាមួយនោះយើងទាំងអស់គ្នាក៏ត្រូវយល់ឱ្យបានច្បាស់ថា បើគ្មានសន្តិភាពក៏មិនអាចមានការអភិវឌ្ឍនិងមានអ្វីៗដូចថ្ងៃនេះដែរ។ សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញ សន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាពគឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយ លំបាកបំផុតនេះឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លណាក្តី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា គណបក្សជាតំណាងនៃផលប្រយោជន៍ដ៏បរិសុទ្ធរបស់ប្រជាជនទាំងមូល គណបក្ស បានផ្សារភ្ជាប់ រួមសុខរួមទុក្ខ ជានិច្ចជាមួយប្រជាជន បានដឹកនាំប្រជាជនពុះពារឆ្លងកាត់រាល់ឧបសគ្គ និងការ លំបាកទាំងឡាយប្រកបដោយជោគជ័យ។ ប្រាកដណាស់ថា បំណងប្រាថ្នារបស់យើងនៅពុំទាន់សម្រេចបាន ទាំងស្រុងឡើយ យើងត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដើម្បីកសាងមាតុភូមិជាទីស្រឡាញ់នៃយើងឱ្យក្លាយជា ប្រទេសមួយដ៏ជឿនលឿន ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ ដែលគ្មានការកើតមានជាថ្មី ទៀតនូវការបែកបាក់ជាតិ សង្គ្រាម និងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល។

សម្តេចតេជោ ហ៊ុន សែន ក៏បានគុសបញ្ជាក់ដែរថា ពេលវេលាបានសាកល្បងឆន្ទៈ និងសមត្ថភាពយើងរួចហើយ យើងពិតជានឹងអាចសម្រេចបាននូវគោលបំណងដ៏ឧត្តុង្គឧត្តមនេះ ឱ្យតែយើងរក្សាបាននូវសាមគ្គីភាពជាតិដ៏រឹងមាំ មានការប្ដេជ្ញាចិត្តក្នុងភាពជាម្ចាស់ និងមានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ។ ក្នុងស្មារតីនេះយើងមានការជឿជាក់ចំពោះជួរយុវជនដ៏ច្រើនកុះកររបស់យើងដែលកំពុងមានការរីកចម្រើន ទាំងខាងចំណេះដឹង សីលធម៌ និងកាយសម្បទា ហើយកំពុងបំពេញកិច្ចរបស់ខ្លួនយ៉ាងស្វាហាប់ប្រកបដោយ មនសិការស្នេហាជាតិដ៏ជ្រាលជ្រៅ ក្នុងនាមជាអ្នកបន្តវេនក្តាប់ជោគវាសនាអនាគតរបស់ជាតិផងដែរ៕