(កណ្តាល)៖ លោក ណុប រ័ត្ននិមល ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អត្ថន័យនៃគុណបំណាច់ ៧មករា ដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលជាថ្ងៃរស់ឡើងវិញ នៃប្រជាជនកម្ពុជា នៅទូទាំងប្រទេស។

ការលើកឡើងបែបនេះរបស់លោក ណុប រ័ត្ននិមល បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាតំណាងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩ - ៧មករា ២០២៤) នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក-សមាជិការ គណបក្សប្រជាជនកម្ពុជា ចំនួន ១,២៩០នាក់ផងដែរ។

លោក ណុប រ័ត្ននិមល បានបញ្ជាក់ថា ថ្ងៃទី៧ មករា គឺជាខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ( ៧មករា ឆ្នាំ១៩៧៩ - ៧មករា ឆ្នាំ២០២៤) គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុលពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា «បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ»

ក្នុងឱកាសនោះដែរ លោកណុប រ័ត្ននិមល បានបន្តថា ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់បទពិសោធន៍យ៉ាងច្រើនទាំងប្រយុទ្ធផង ទាំងការចរចាផង ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិ និងជូនប្រជាជនកម្ពុជាទាំងមូល។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការកសាងនិងអភិវឌ្ឍជាតិមាតុភូមិ។

លោក ណុប រ័ត្ននិមល បានបញ្ជាក់ថា យើងបានឆ្លងកាត់ដំណាក់កាលយ៉ាងច្រើន ទាំរាំមានថ្ងៃនេះ ទាំងភាពស្មុញស្មាញផង ទាំងសប្បាយរីករាយផង ប៉ុន្តែភាពសប្បាយរីករាយមានតិចតួចបំផុត ដែលនេះជាបទពិសោធន៍របស់យើងក្នុងថែរក្សាសុខសន្តិភាពនៅកម្ពុជា។

លោក ណុប រ័ត្ននិមល បានថ្លែងថា កន្លងមកនេះក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងកសាងអភិវឌ្ឍជាតិមាតុភូមិ និងបានស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិ និងជូនប្រជាជនកម្ពុជា ធ្វើឱ្យប្រទេសជាតិបានរីកចម្រើនលើគ្រប់វិស័យ រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ នៃរដ្ឋសភា នាសព្វថ្ងៃនេះជាបន្តទៀត។

ហើយក្នុងនាមលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង, លោក ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា៖ «យើងត្រូវការពារថែរក្សាសុខសន្តិភាព ព្រោះសុខសន្តិភាពសព្វថ្ងៃនេះ គឺបានមកដោយការលំបាក និងមានការលះបង់អាយុជីវិត និងបូជាសាច់ស្រស់ឈាមស្រស់ ពីបណ្តាយុទ្ធមិត្តជាច្រើន ជាពិសេសពីសំណាក់សម្តេចតេជោ ដែលបានយកអាយុជីវីតធ្វើជាដើមទុន រួមនិងប្រតិបត្តិករជាច្រើនទៀត»