(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាមនេះបាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជួយឱ្យដំណើរការប្រជាធិបតេយ្យសម្រេចបានជោគជ័យយ៉ាងធំធេង។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិកគណបក្សសរុបជាង២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា សម្តេចបានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨មក។ ជោគជ័យនៃនយោបាយឈ្នះឈ្នះបានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈកាលជាង៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
សម្ដេចប្រធានគណបក្សបានបន្តថា «សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាមនេះ បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាឱ្យសម្រេចបានជោគជ័យយ៉ាងធំធេង»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងរហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិកូវីដ១៩វិញ។ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទិ្ធមនុស្ស និងនីតិរដ្ឋកាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ ជាពិសេសការប្រព្រឹត្តទៅដោយជោគជ័យនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានឆ្លុះបញ្ចាំង អំពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ និងភាពត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោតនេះ៕