(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សា ពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីមីទ្ទីងរំឭកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ - ៧ មករា ២០២៤) ដែលរៀបចំឡើងនៅបរិវេណកោះពេជ្រ ដោយមានការចូលរួមពី​ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា កាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ ជាពិសេសការប្រព្រឹត្តទៅដោយជោគជ័យ នូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានឆ្លុះបញ្ចាំង អំពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ ភាពត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោតនេះ។

ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនេះ បានផ្តល់លទ្ធភាពពេញ លេញឱ្យគណបក្សប្រជាជនកម្ពុជា ប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេនវ័យក្មេងដ៏មានសក្តានុពល ដែលគណបក្សបានអប់រំបណ្តុះបណ្តាល និងត្រៀមលក្ខណៈយ៉ាងម៉តចត់បំផុត ក្រោមការសាទរ និងគាំទ្រយ៉ាងកក់ ក្តៅពីប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «មកដល់ពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សាពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់»

សូមជម្រាបថា គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ មានរយៈពេលជាង ៤ខែហើយនៃការបំពេញ​ការ​ងាររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសម្រេចបានសមិទ្ធផលជាច្រើន ជូនជាតិមាតុភូមិកម្ពុជា៕