(កំពង់ស្ពឺ)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ស្ដីពីការដោះស្រាយ បញ្ហាទន្ទ្រានកាន់កាប់ដីធ្លី ដោយអាណាធិបតេយ្យទៅក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះដែរ ត្រូវបានធ្វើឡើងនៅសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោក ស៊្រុន ស៊្រន់ អភិបាលរង ខេត្តព្រះសីហនុ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពី ព្រមទាំងមន្ដ្រីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានថ្លែងថា «រយៈកាលកន្លងមក ភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ តែងតែរងនូវការកាប់ទន្ទ្រានដីធ្លី ដោយខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួនតូច ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយជា បន្តបន្ទាប់ស្ទើរតែបញ្ចប់ទាំងស្រុង ហើយបងប្អូន ប្រជាពលរដ្ឋ ដែលធ្លាប់មានបញ្ហាដីធ្លី ក៏មានការរីករាយសប្បាយចិត្ត ចំពោះដំណោះស្រាយ»។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីដោះស្រាយបញ្ចប់បញ្ហាដែលនៅសេសសល់ នៅក្នុងភូមិសាស្ត្រខេត្តទាំងពីរ និងទប់ស្កាត់ការ ប៉ុនប៉ងក្នុងការកាប់ទន្ទ្រាន កាន់កាប់ដី ដោយខុសច្បាប់នាពេលអនាគត៕