(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី២៥ ខែសីហានេះ បានថ្លែងបញ្ជាក់ថា នៅឆ្នាំក្រោយក្រសួងអប់រំ នឹងបន្ដជួសជុល នៅមណ្ឌលប្រឡងយ៉ាងហោចណាស់ឲ្យបាន៥០ទៀត ដើម្បីឲ្យមានភ្លើងទឹក និងធ្វើអនាម័យឲ្យបានល្អ។
លោក ហង់ ជួនណារ៉ុន បានថ្លែងថា «បន្ទាប់ពីប្រជុំវាយតម្លៃ នៃការប្រឡងនេះខ្ញុំឃើញថា លទ្ធផលដំណើរការសំណេរក្នុងឆ្នាំនេះ ល្អជាងឆ្នាំមុន ទាំងគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពបច្ចេកទេស ទិដ្ឋភាពនៃការរៀបចំការសហការជាមួយ អង្គភាពប្រឆាំងអំពើលពុករលួយ បានល្អជាងឆ្នាំទៅក៏ដូចជា អាជ្ញាធរមូលដ្ឋានបានសហការយ៉ាងល្អ ដូចច្នេះយើងនឹងបន្ដកែលម្អ បរិស្ថានសិក្សាបន្តទៀត គឺយ៉ាងហោចណាស់នៅឆ្នាំក្រោយ ក្រសួងនឹងជួលជុលមណ្ឌលប្រឡងឲ្យបាន៥០ទៀត»។
លោកបន្ដទៀតថា យើងនឹងដកពិសោធន៍ នៅខេត្តកំពង់ស្ពឺ ដែលបានរៀបចំជួយបេក្ខជនបានល្អ ដូចជាផ្ដល់កន្លែងស្នាក់នៅ ដោយឥតគិតថ្លៃដល់បេក្ខជន ផ្ដល់ទឹកបរិសុទ្ធ និងការជួយផ្សេងទៀត ឧទាហរណ៍ដូចជាការផ្ញើកង់ ដោយឥតគិតថ្លៃជាដើម។ បន្ទាប់ពីដកពិសោធន៍ហើយ យើងនឹងពង្រីក ទៅតាមខេត្តផ្សេងៗបន្ថែមទៀត រួមទាំងការបន្ដជួយបំប៉ន់គ្រូ និងការសហការជាមួយ សហភាពសហព័ន្ធកម្ពុជា ក្នុងការរៀបចំបង្រៀនបន្ថែមដល់សិស្ស និងបន្ដការកែលម្អ ក្នុងការជួយសិស្ស ក្នុងការផ្ដល់នូវមេរៀនសង្ខេប និងពង្រីកពីរមុខវិទ្យាទៀតគឺ អក្សសាស្រ្ដខ្មែរ គឺរៀបចំជាសៀវភៅ ស្ដីពីអត្ថបទតែងសេចក្ដីល្អៗ ដើម្បីជួយនិស្សិត និងមុខវិទ្យាប្រវត្តិវិទ្យា គឺរៀបចំជាមេរៀនសង្ខេប សម្រាប់ជួយដល់សិស្សផងដែរ។
លោកបានបញ្ជាក់ទៀតថា «សម្រាប់ការប្រឡងក្នុងឆ្នាំនេះ យើងមើលឃើញថា ពាក់ព័ន្ធនឹងការយកឯកសារ ទូរស័ព្ទដៃចូលទៅក្នុងមណ្ឌលប្រឡង គឺមានការកាត់បន្ថយច្រើនជាងឆ្នាំមុន»៕