(សៀមរាប)៖ លោកស្រី ស្រី ផង់ពុទ្ធី នាយកសាលានៃវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប បានមានប្រសាសន៍ក្នុងបទសម្ភាសន៍មួយថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ជំនាញច្បាស់លាស់ដល់និស្សិតប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោកស្រី ស្រី ផង់ពុទ្ធី បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាកម្មវិធីមួយរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចកម្ពុជា គិតគូដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសាររងហានិភ័យ ដោយសិក្សាឥតគិតថ្លៃ និងផ្តល់ប្រាក់ឧបត្ថម្ភ។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំបានផ្តោតលើចំណេះនិងជំនាញច្បាស់លាស់ ស្របតាមលំហរនៃទីផ្សារសកល។

លោកស្រី មានប្រសាសន៍ថា កម្មវិធីរបស់រាជរដ្ឋាភិបាល ជា «មធ្យោបាយមួយ ជួយឱ្យយុវជនអាចចាប់យកជំនាញការងារ និងចូលរួមការអភិឌ្ឍន៍សង្គម សេដ្ឋកិច្ច ព្រមទាំងជាស្ពានសម្រាប់ជីវិត»។

លោកស្រី បន្ថែមថា «កាលណាមានជំនាញ ដូចមានលុយក្នុងហោប៉ាវ ម្យ៉ាងអាចយកជំនាញទៅគ្រប់ទីកន្លែង និងធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង»។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥ សែននាក់ សិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀល រយៈពេល ៤ខែ៕