(បាត់ដំបង)៖ វិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបងបានទទួលសិស្ស ៦២៥នាក់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយមានជំនាញចំនួន១៦ នឹងត្រូវចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលជាផ្លូវការនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមលោក ហេង ងួនហ៊ត ជានាយកនៃវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបង។

តាមរយៈលោក ហេង ងួនហ៊ត សិស្សដែលបានចុះឈ្មោះសរុប ៦២៥នាក់ ក្នុងនោះប្រុសចំនួន៣៤៨ និងស្រី ២៧៧នាក់ ដោយយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៤៨០នាក់។ បន្ថែមពីនេះ មានជំនាញចំនួន១៦ ដែលសិស្សបានជ្រើសរើសចូលរៀន មានដូចជា ១.ការងារកំបោរ ២.ការដំឡើងបណ្តាញបំពង់ទឹក ៣.ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៤.ការដំឡើងគ្រឿងឈើសម្រេច ៥.ការថែទាំនិងជួសជុលម៉ូទ័រអគ្គិសនី ៦.ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ៧.ការផ្សារអគ្គិសនី ៨.ការថែទាំ និងជួសជុលរថយន្ត ៩.ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ១០.សេវាកម្មកុំព្យូទ័រ ១១.សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ១២.ការផលិតនំ ១៣.ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែវរមៀត ១៤.ការចិញ្ចឹម និងថែទាំត្រីប្រា ១៥.ការកែច្នៃបន្លែ និងផ្លែឈើ ១៦.សេវាកម្មសម្អាងកាយ។

លោក បានបន្ថែមថា ការចូលរៀននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈប្រើប្រាស់ទំនើបៗ បន្ទប់រៀន រោងជាង បន្ទាប់ពិសោធន៍ គ្រូបច្ចេកទេសដែលពោពេញទៅដោយសមត្ថិភាពផងដែរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥សែននាក់ ដែលមានរយៈពេល ៤ខែ សិក្សាដោយឥតគិតថ្លៃ ម្យ៉ាងវិញទៀត យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់បញ្ចប់ការសិក្សា៕