(ស្ទឹងត្រែង)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ តំណាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានចុះទៅសំណេះសំណាល និងចែកដីជាង២០០ ហិកតា នៅឃុំព្រះរំកិល ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ជូនបងប្អូនប្រជាពលរដ្ឋវិញ បន្ទាប់ពីបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរួច ដោយប្រើរយៈពេលជិត៣ខែ។
ក្នុងពិធីសំណេះសំណាល លោកទេសរដ្ឋមន្ត្រី បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋថា សម្តេចតេជោនាយករដ្ឋមន្ត្រីគឺជាមេដឹកនាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងត្រឹមត្រូវ ដោយសម្តេចតេជោបានខិតខំបញ្ចប់សង្គ្រាមស៊ីវិល នាំមកនៅសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ទៅលើជីវភាពរស់នៅរបស់បងប្អូន ជាពិសេសការរស់នៅប្រកបដោយសុវត្តិភាព និងសុខក្សេមក្សាន្ត។
ជាក់ស្តែងសម្តេចតេជោនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅវិស័យដោះមីន ដើម្បីរំដោះដីដែលមានមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ជូនប្រជាពលរដ្ឋរស់នៅ និងធ្វើកសិកម្មប្រកបដោយសុវត្ថិភាព ទោះបីជា ការបោសសម្អាតមិននេះ ត្រូវប្រើប្រាស់អស់ថវិកាច្រើនក៏ដោយ។
ជាមួយគ្នានេះដែរ តំណាងបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលបានរំដោះពូកគាត់ចេញពី រប៊បប៉ុលពត ហើយនៅតែបន្តយកចិត្តទុកដាក់ ដល់ជីវភាពរស់នៅ សុវត្តិភាព និងសេចក្តីថ្លៃថ្នូ រហូតដល់បច្ចុប្បន្ន ហើយពួកគាត់បានសន្យាថានឹងបន្តគាំទ្រគណបក្សប្រជាជន ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោបន្តដឹកនាំប្រទេសបន្តទៅទៀតពីព្រោះពួកគាត់បានឃើញនៅទង្វើ របស់ពួកប្រឆាំង ដែលបានបង្កឲ្យសង្គមបែកបាក់ ធ្វើឲ្យប្រទេសជាតិអន់ថយ បរទេសមើលងាយ ហើយដើម្បីតែប្រយោជន៍របស់ក្រុមខ្លួន៕