(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស យុវជនចំនួន ១លាន ៥សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាននូវចំណេះជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ នេះបើការផ្សាយចេញពីប្រព័ន្ធតេឡាក្រាមផ្លូវការណ៍របស់ សម្តេចធិបតី។

បច្ចុប្បន្នភាពត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET 1,5M សរុបចំនួន ២០ ៣៩៣នាក់ (ស្រីចំនួន ៧ ០០៧នាក់)។
ក្នុងចំណោមសិស្សទាំង ២០ ៣៩៣នាក់នោះ សរុបទាំងតាមបណ្តារាជធានី-ខេត្ត ដូចជា រាជធានីភ្នំពេញ ចំនួន ៧ ៩០៥នាក់ (ស្រី ២ ៥៩៦នាក់) ខេត្តបាត់ដំបង ចំនួន ២ ៤៩៩នាក់ (ស្រី ១ ០៨៣នាក់) ខេត្តសៀមរាប ចំនួន ១ ៤២៨នាក់ (ស្រី ៣២៧នាក់) ខេត្តកណ្តាល ចំនួន ៧៥៥នាក់ (ស្រី ២១៥នាក់) ខេត្តព្រះសីហនុ ចំនួន ៧១៨នាក់ (ស្រី ២៤៧នាក់)និងតាមបណ្ដាខេត្តផ្សេងៗ ចំនួន ៧ ០៨៨នាក់ (ស្រី ២ ៥៣៩នាក់) ។

បន្ថែមពីនោះ ក្នុងចំណោមអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ ២០ ៣៩៣នាក់ បានបែងចែកទៅតាមជំនាញដូចជា ជំនាញសំណង់ ចំនួន ៣ ០៤៩នាក់ (ស្រី ៤៥២នាក់)ជំនាញអគ្គិសនី និងថាមពល ចំនួន ៦០៤នាក់ (ស្រី ៦៥នាក់) ជំនាញអេឡិចត្រូនិក ចំនួន ៤៤៩នាក់ (ស្រី ៦៦នាក់) ជំនាញកម្មន្តសាល ចំនួន ១៥៣នាក់ (ស្រី ១០នាក់) ជំនាញមេកានិចទូទៅ/មេកានិចរថយន្ត ចំនួន ៣ ១២២នាក់ (ស្រី ១៤០នាក់)ជំនាញធុរកិច្ច និងព័ត៌មានវិទ្យា ចំនួន ៦ ៥៦៩នាក់ (ស្រី ៣ ៤៧១នាក់) ជំនាញសេវាកម្ម ចំនួន ១ ១៩៨នាក់ (ស្រី ១ ០១៨នាក់) ជំនាញបរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៣ ០៥១នាក់ (ស្រី ១០១នាក់) ជំនាញទេសចរណ៍ ចំនួន ១ ២០៥នាក់ (ស្រី ៩០៦នាក់) និងជំនាញកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៩៩៣នាក់ (ស្រី ៧៧៨នាក់) ។

គូសរំលេចផងដែរថា កាលពីថ្ងៃទី២ វិច្ឆិកា ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានអនុសាសន៍ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល ក៏ដូចជាលើកទឹកចិត្តដល់យុវជនក្នុងការសិក្សា និងបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារ ដោយកំណត់នូវគោលការណ៍ «ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ» ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការអាទិភាពបំផុតនៃរាជរដ្ឋាភិបាលក្នុងការកសាងនូវធនធានមនុស្សសម្រាប់ជំរុញដល់សេដ្ឋកិច្ចជាតិ៕