(ទីក្រុងមែលប៊ន)៖ នាល្ងាចថ្ងៃសៅរ៍ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរ និងនិស្សិត ដែលកំពុងរស់នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ចំនួនប្រមាណ៧០០នាក់ បានជួបជុំគ្នារៀបចំពិធីអបអរសាទរ រំឮកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា (១៩៧៩-២០២៤)។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធាន គណៈកម្មាធិការគណបក្សប្រចាំ នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់, លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំ នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់, លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមការងារប្រចាំទីក្រុងមែលប៊ន (តំបន់២) និងលោកបណ្ឌិត ឈឹម សារ៉េត អគ្គនាយកលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារតំបន់២ ព្រមទាំងសមាជិកនៃក្រុមការងារតំបន់២, គណៈកម្មាធិការ សាខាគណបក្សប្រចាំរដ្ឋ វិចតូរីយ៉ា, ក្រុមការងារយុវជន គណបក្សប្រចាំទីក្រុងមែលប៊ន និងក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងមែលប៊ន។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងរំឭកទៅដល់ការលះបង់ និងវីរភាពរបស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិជាច្រើន បានធ្វើពលិកម្ម សាច់ស្រស់ ឈាមស្រស់ ដោយឥតរួញរាក្នុងការស្វែងរកសុខសន្តិភាព និងរំដោះជាតិ ចេញមហាវិនាសកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ប្រជាពលរដ្ឋចាត់ទុកថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ខ្លួន ប្រសិនបើគ្មានថ្ងៃទី៧មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា និងការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាស្ថាបនិកនិងមគ្គុទេសក៏ឯក បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិ ពេញលេញ ជូនជាតិមាតុភូមិកម្ពុជា រហូតបានធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ ប្រជាជនរស់នៅក្នុងសុខសន្តិភាព យ៉ាងសុខដុមរមនា ទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីក្រុងមែលប៊ន បានសម្តែងការអបអរសាទរ យ៉ាងពេញទំហឹងនូវការបោះឆ្នោតជាតិ ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅដែលបានប្រព្រឹត្តទៅ ដោយរលូន ក្នុងបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងយុត្តិធម៌ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនិងគោលការណ៍ច្បាប់ ដែលប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករក្នុងអត្រា ៨៤.៥៨% និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕