(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្ដាល បានដាក់ផែនការសម្រាប់ ឆ្នាំ២០២៤នេះ ដើម្បីធ្វើសកម្មកាពឲ្យកាន់តែល្អប្រសើរឡើង។
ការដាក់ផែនការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្ដាល នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។
លោក គង់ សោភ័ណ្ឌ ក៏បានថ្លែងអំណរគុណ និងសូមវាយតម្លៃខ្ពស់ ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តកណ្តាល ដែលបានរួបរួមធ្វើសកម្មភាព យ៉ាងសស្រាក់សស្រាំ ស្របតាមខ្លឹមសារនៃលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ក៏ដូចជាសេចក្តីណែនាំនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកបដោយទឹកចិត្តមនុស្សធម៌ រួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ ដែនដី ឆ្លើយតបនឹងតម្រូវការ របស់ជនរងគ្រោះទាំងឡាយបានទាន់ពេលវេលា សកម្មភាពដ៏ល្អប្រពៃនេះ បានផ្តល់តម្លៃយ៉ាងសំខាន់ដល់មនុស្សជាតិ ជាគំរូល្អ សម្រាប់យុវជនជំនាន់ក្រោយ ក្នុងការទាក់ទាញទឹកចិត្តគាំទ្រ យ៉ាងទូលំទូលាយ ពីប្រជាពលរដ្ឋរបស់យើង និងទទួលបានការអបអរសាទរ ពីមហាជនគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងខេត្តកណ្តាល។
លោកក៏បានសង្កត់ពាក្យស្លោកថា «ការងារស័្មគ្រចិត្ត មិនត្រឹមតែបានចូលរួមក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយឲ្យយុវជនចាប់ និងបង្កើតឱកាសការងារនាពេលបច្ចុប្បន្ន»៕