មេកន្ទុយលេខ និងកូនកញ្ច្រែង ឈ្លោះគ្នាបែកផ្សែងរឿងជំពាក់លុយ៤លានរៀល
25-08-2016 16:50
(ភ្នំពេញ)៖ ក្រុមអ្នកលេងកន្ទុយលេខ២នាក់ បានឈ្លោះប្រកែកគ្នាបែកផ្សែង រឿងជំពាក់លុយគ្នា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ដោយមេកន្ទុយលេខបានចោទ កូនកញ្ច្រែងដែលជាអ្នកកត់ប្រមូលឲ្យខ្លួនថា បានជំពាក់លុយ៤លានរៀល ហើយបានគេចវេសមិនព្រមសង ព្រមទាំងបានយកចាន និងកែគប់ប៉ុនប៉ងបង្ករបួសស្នាម លើខ្លួនទៀត ខណៈពេលដែលខ្លួនទៅទារជំពាក់ នោះថែមទៀត ក្រោយមកបានទៅដាក់ពាក្យបណ្ដឹង ឲ្យអាជ្ញាធរសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជួយរកយុត្តិធម៌។
ចំណែកឯកូនកញ្ច្រែង បានបដិសេធថា ខ្លួនមិនបានជំពាក់លុយមេម្នាក់នោះ ដល់៤លានរៀលនោះឡើយ គឺជំពាក់ត្រឹមតែ១លានរៀលប៉ុណ្ណោះ ដោយសារតែគេបោកតគ្នា ហើយខ្លួនមិនបានប្រើហិង្សា គប់ទៅលើមេកន្ទុយលេខនោះទេ មានតែមេរូបនោះទេ ដែលបានលើកគ្នាទៅជេរប្រមាថ រករឿងវាយតប់ខ្លួន និងគំរាមឲ្យកូនចៅចាំវាយ ធ្វើបាបខ្លួនទៀតផង។
សូមបញ្ជាក់ថា មេកន្ទុយលេខដ៏ធំម្នាក់នោះឈ្មោះ ប៉ូ យ៉េត អាយុ៥០ឆ្នាំ មុខរបរជាអ្នកពុះដីឡូត៌លក់ និងជួលផ្ទះល្វែង ធ្វើមេកន្ទុយលេខ នៅភូមិព្រព្រីងខាងជើង សង្កាត់ចោមចៅ និងកូនកញ្ច្រែងឈ្មោះ ជូ សុភ័ក្រ អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕