(ភ្នំពេញ)៖ ទោះបីរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ត្រូវបានរលាយរលត់ទៅអស់រយៈពេល ៤៥ឆ្នាំទៅហើយ តែស្លាកស្នាម​ដំបៅ​នៃក្តីឈឺចាប់ និងទុក្ខវេទនាដ៏មហាសាលក្នុងរបបមួយនេះ មិនអាចរលុបចេញបេះដូង និងការចងចាំ​របស់ប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់របបមួយនេះបានឡើយ។

របបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុល ពត អៀង សារី និង ខៀវ សំផន ត្រូវបានគេប្រសិទ្ធ​នាម​​ជារបបវាលពិឃាតដ៏យង់ឃ្នងនៅក្នុងប្រទេសកម្ពុជា ដោយបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ សិស្ស​និស្សិត បញ្ញាវន្តជិត ៣លាននាក់។ ក្រៅពីការកាប់សម្លាប់ ក៏ដូចជាការស្លាប់ដោយសារការខ្វះ​ចំណី​អាហារ និងបញ្ហាសុខភាពជាដើមនោះ នៅមានប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារត្រូវបាន​និរាសព្រាត់​ប្រាស់ បន្សល់នូវក្តីសង្វេគរហូតមកដល់បច្ចុប្បន្ន។

អំពើព្រៃផ្សៃនៃការកាប់សម្លាប់ឥតមេត្តា ទុក្ខវេទនា នៃការធ្វើការយ៉ាងទារុណ ការអត់អាហារ ព្រមទាំងការ​ធ្វើ​ទារុណកម្មផ្សេងៗ គឺជាអនុស្សាវរីយ៍ដ៏សែនល្វីងជូរចត់ ដែលប្រជាពលរដ្ឋរស់ក្នុងរបបមួយនេះ គ្មានថ្ងៃ​បំភ្លេចបាននោះឡើយ។ អ្នកស្រី ឱ មុំ ដែលជាប្រជាពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោមពលរដ្ឋខ្មែររាប់លាននាក់ ដែលបានរងគ្រោះក្នុងរបបមួយនេះ បានរៀបរាប់ទាំងអួលដើមកថា អ្នកស្រី រួមនិងស្វាមី ត្រូវបាន ប៉ុល ពត ជម្លៀសចេញពីរាជធានីភ្នំពេញ ទៅរស់នៅ និងធ្វើការនៅក្នុងស្រុកជុំគិរី ខេត្តកំពត។

អ្នកស្រី មុំ បានរៀបរាប់ថា ការជម្លៀសចេញពីរាជធានីភ្នំពេញឆ្នាំដំបូងការរស់នៅហាក់មិនជាលំបាកវេទនា​ខ្លាំងណាស់ណានោះទេ ខណៈអ្នកស្រី អាចទ្រាំទ្រជាមួយពលកម្មក្នុងរបបនោះបានខ្លះផងដែរ។ តែមួយ​ឆ្នាំបន្ទាប់ ក្រោយពេលគេជម្លៀសអ្នកស្រី និងស្វាមី មកកាន់តែខេត្តតាកែវវិញ ជាពេលដែលជីវិតអ្នកស្រី និងគ្រួសារត្រូវបានធ្លាក់ចូលទៅក្នុងក្តីវេទនាមិនអាចបំផ្លេចបាន ហើយក៏ជាពេលត្រូវព្រាត់ប្រាស់ គ្នាផងដែរ។

អ្នកស្រី ឱ មុំ នៅចាំយ៉ាងច្បាស់ពីព្រឹត្តិការណ៍នាពេលនោះទោះបីវាបានកន្លងផុតទៅជាង ៤ទសវត្សរ៍ហើយក្តី។ «ដើមដំបូងអត់ទាន់អីទេ គេនៅឲ្យយើងមានម្ហូបហូបចុកអីធម្មតាស្មានតែគួរ​សមដែរ។ ប៉ុន្តែនៅឆ្នាំ១៩៧៦ ខ្ញុំបានតាមប្តីខ្ញុំទៅនៅភូមិចម្រេះ ស្រុកគិរីវង់ ខេត្តតាកែវ ពេលនោះបាន​ខ្ញុំទទួលការឈឺចាប់ធំហួសប្រមាណ គ្រួសារខ្ញុំត្រូវស្លាប់ទាំងអស់...»

ក្រៅពីក្រុមគ្រួសារត្រូវបានគេកាប់សម្លាប់ហើយនោះ អ្នកស្រី ឱ មុំ ក៏ត្រូវបានគេចាប់យកទៅដាក់​គុក​ផងដែរ ព្រោះតែរងការចោទប្រាកន់ថា អ្នកស្រីចង់រត់គេចខ្លួនទៅប្រទេសវៀតណាម។ «ទទួលទុក្ខវេទនា​គ្រប់បែបយ៉ាង ខ្ញុំធ្លាប់គេយកទៅធ្វើបាប ធ្វើទារុណកម្ម ជាប់គុក លំបាកខ្លាំង ដោយសារគេចង់បំបែកខ្ញុំ ថាខ្ញុំហ្នឹងចង់រត់ចូលស្រុកយួន មិត្តភក្តិខ្ញុំទាំងអស់ទទួលការឈឺចាប់ ខ្ញុំបាត់យុវជន បាត់ក្រុមគ្រួសារ»

របបដ៏សែនឃោរឃៅមួយនេះ បានធ្វើឲ្យអ្នកស្រី ឱ មុំ ព្រាត់ប្រាស់អស់ក្រុមគ្រួសារ និងសាច់ញាតិ ហើយ​ក្រោយពេលរំដោះនៅថ្ងៃទី០៧ មករា ១៩៧៩ អ្នកស្រីត្រូវរ៉ាប់រងចិញ្ចឹមក្មួយដែលកំព្រាឪពុកម្តាយ ព្រោះ​របប​នេះកាប់សម្លាប់ថែមទៀតផង។ អ្នកស្រី មុំ បានថ្លែងថា អ្នកស្រីមិនអាចបំផ្លេចរបបដ៏ព្រៃ​ផ្សៃមួយនេះ​បានឡើយ ហើយរាល់ពេលអ្នកស្រីធ្វើដំណើរឆ្លងកាត់ទៅខេត្តតាកែវ អ្នកស្រីតែនឹកឃើញនូវប្រវត្តិ​ដ៏ឈឺ​ចាប់​មួយនេះជានិច្ច។

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ គឺជាខួប ៣៩ឆ្នាំហើយ នៃការដួលរំលំរបប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។ អ្នកស្រី ឱ មុំ បានចាត់ទុកថ្ងៃ ៧ មករា គឺជាថ្ងៃដ៏មានគុណបំណាច់បំផុតសម្រាប់​ជីវិត​របស់អ្នកស្រី ព្រោះថ្ងៃនេះ បានធ្វើឲ្យជីវិតរបស់អ្នកស្រី បានរស់ឡើងវិញ។

អ្នកស្រី បន្តថា បើទោះបីពេលបច្ចុប្បន្នជីវិតរបស់អ្នកស្រីមិនធូរធាខ្លាំងក្តី តែជីវិតពេលបច្ចុប្បន្នមានសិទ្ធិ​សេរី​សព្វបែបយ៉ាង ដែលផ្ទុយស្រឡះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ «ក្រោយថ្ងៃរំដោះ ៧ មករា គ្មានថ្ងៃណាសប្បាយចិត្តដូចពេលនេះទេ បើទោះបីខ្ញុំលំបាកក្នុងរកស៊ី។ តែខ្ញុំនៅតែចាំថ្ងៃ៧ មករា ជាថ្ងៃ​កំណើតថ្មីរបស់ខ្ញុំ ខ្ញុំលែងគិតទៀតហើយ...។ ថ្ងៃ ៧ មករា ខ្ញុំមិនអាចបំភ្លេចបានទេ ថ្ងៃ៧ មករា ជួយរំដោះ​ខ្ញុំ បានសប្បាយរីករាយ ខ្ញុំអត់ភ័យព្រួយទោះបីខ្ញុំអត់សព្វថ្ងៃនេះ រកស៊ីខ្លួនឯង ហត់លំបាក ហត់នឿយ​យ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែប្រាប់កូនក្មួយខ្ញុំថា កូនយើងរកបានហូបខ្លួនយើង កាលពីសម័យ​ម៉ែនៅពីក្មេង ដាំដំឡូងបាន ចិញ្ចឹមមាន់បាន គេមិនឲ្យហើងហូបទេ»

ក្រៅពីការរំលឹកនឹកគុណដល់ថ្ងៃ ៧ មករា ហើយនោះ អ្នកស្រី ឱ មុំ ក៏បានបង្ហាញការពេញចិត្តសម្រាប់ការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នផងដែរ ដែលកំពុងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។ អ្នកស្រី ឱ មុំ ដែលជីវិតធ្លាប់រង់ទុក្ខវេទនា​ក្នុងរបបខ្មែរ​ក្រហម ចង់ឃើញខ្មែរក្នុងសម័យបច្ចុប្បន្ន ជាពិសេសយុវជនទាំងអស់ ត្រូវរួបរួមគ្នា ដើម្បីអភិវឌ្ឍន៍​ប្រទេសជាតិឲ្យកាន់តែរីកចម្រើន៕

ខាងក្រោមជាវីដេអូ ដែលអ្នកស្រី ឱ មុំ រំលឹកនូវប្រវត្តិដ៏ឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត៖