(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យស្ថាបនាផ្លូវប្រភេទ DBST ចំងាយជាង៥០០ម៉ែត្រ តភ្ជាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៧៨ សង្កាត់កាចាញឆ្ពោះទៅរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ចាអ៊ុង ស្ថិតក្នុងឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។

ការចុះត្រួតពិនិត្យ អញ្ជើញអមដំណើរដោយលោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី, លោក ធូ ឃឿ អភិបាលក្រុងបានលុង, លោក គៀង តុលា អភិបាលស្រុកអូរជុំ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ថា ដោយមើលឃើញស្ថានភាពផ្លូវមានការលំបាកនោះ, លោក ញ៉ែម សំអឿន បានណែនាំឲ្យរូបលោក ដាក់គ្រឿងចក្រស្ថាបនាជាបន្ទាន់ ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការធ្វើដំណើរ។

លោកថា «តំបន់ខាងលើនេះ ជារមណីដ្ឋានទេសចរណ៍សម្រាប់ភ្ញៀវទេសចរក្នុងខេត្ត ក៏ដូចមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ ចូលទៅសម្រាកលំហែកាយគយគន់មើលទេសភាព ធម្មជាតិយ៉ាងស្រស់ត្រកាលមានក្បូក្បាច់ប្រពៃណីយ៉ាងស្រស់ត្រកាល មានក្បូរក្បាច់ប្រពៃណីបងប្អូនជនជាតិតាំងពីដើមរៀងមក»

ប្រធានមន្ទីររូបនេះ បន្តថា ផ្លូវប្រវែង៥,៦០០ម៉ែត្រ ដែលចាប់ផ្តើមស្ថាបនានេះ គឺមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ។ លោក សាយ សាមាន បន្ថែមទៀតថា បើសិនគ្មានការរាំងស្ទះទេ ការស្ថាបនាផ្លូវប្រភេទ DBST កម្រាស់២ជាន់ ដាក់លូប្រអប់មុខ២ មួយកន្លែងប្រវែង១៣ម៉ែត្រ, លូទោលមុខកាត់ប្រវែង១ម៉ែត្រ ចំនួន៤កន្លែងឲ្យរួចរាល់ជាស្ថាពរ នៅចុងឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ លោក សាយ សាមាន ក៏បានសុំការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមដងផ្លូវ ប៉ះពាល់សុំការយោគយល់។

តំណាងប្រជាពលរដ្ឋ លោកស្រី ត្រេន មិ បានថ្លែងអំណរគុណលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានចាត់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ដាក់គ្រឿងចក្រស្ថាបនាផ្លូវជាបន្ទាន់ ក្រោយពីរដូវវស្សា ដែលសរឲ្យឃើញថាអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋ មិនឲ្យជួបការលំបាកនោះទេ។

តំណាងប្រជាពលរដ្ឋខាងលើបន្តថា​ ក្រោយពីផ្លូវស្ថាបនារួចហើយ ប្រជាពលរដ្ឋធ្វើដំណើរទៅក្រុងបានលុង និងសិស្សានុសិស្សដែលត្រូវទៅរៀន មានភាពងាយស្រួល។ ជាពិសេសប្រសិនបើ នាពេលយប់មានស្ត្រីឈឺពោះឆ្លងទន្លេ គឺធ្វើដំណើរទៅមណ្ឌលសុខភាព នៅក្រុងបានលុង ដោយគ្មានការព្រួយបារម្ភតាមផ្លូវ៕