(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋត្រូវចេះវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវដើម្បីងាយស្រួលជញ្ជូន។ លោក ជា វ៉ាន់ចាន់ បានថ្លែងពេលដែលលោក និងក្រុមការងារចុះពិនិត្យ ដំណើការលើកដំបូងទីលានទុកដាក់សំរាម ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។

លោកបានលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរពីបរិស្ថាន និងដើម្បីធានាបាននូវសុខសុវត្ថិភាពការទុកដាក់សំរាមប្រកបដោយអនាម័យ ចៀសវាងការឆ្លងជំងឺផ្សេងៗដល់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ធំ បានបង្កើតទីតាំងទីលានទុកដាក់សម្រាមដ៏ធំទូលាយ ដើម្បីដឹកជញ្ជូនសំរាមពីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ទៅទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម។

លោកបន្តថា នេះជាថ្ងៃដំបូងដែលទីលានទុកដាក់សំរាមបានដំណើការទទួលយកសំរាមពីក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងស្ទឹងសែន និងតាមទីផ្សារធំៗក្នុងខេត្ត ពេលដឹកជញ្ជូនសំរាមមកដល់ទីលានត្រូវថ្លឹងទម្ងន់ជាមុនសិន មុនយកសំរាមទៅចាក់ក្នុងអាងសំរាម ហើយពេលត្រឡប់ចេញពីអាងសំរាមវិញត្រូវតែលាងរថយឱ្យស្អាតសិន មុននឹងថ្លឹងសំបករថយន្តជាពិសេសនោះ គឺរថយន្តមិនមានក្លិនស្អុយពេលបើកបរតាមទីសាធារណ:។

លោក ជា វ៉ាន់ចាន់ អំពាវនាវប្រជាពលរដ្ឋ ត្រូវតែចេះវេចខ្ចប់សំរាមដាក់ក្នុងបេ ឬថង់ឱ្យបានត្រឹមត្រូវងាយស្រួលឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាមប្រមូលបានស្អាត ដើម្បីឱ្យមានសោភ័ណភាព និងសូមឱ្យអាជ្ញាធរទាំងអស់ ជួយផ្សព្វផ្សាយបន្ថែមពីសុវត្ថិភាពការទុកដាក់សំរាម ឱ្យមានសណ្ដាប់ធ្នាប់ល្អ និងចេះដាក់ទៅតាមផ្នែកនីមួយៗនៃសំរាម កុំឱ្យឆ្លងជំងឺដល់បងប្អូនប្រជាពលរដ្ឋតាមរយៈសំរាម។

គួរបញ្ជាក់ថា ទីលានទុកដាក់សម្រាមនេះជាគម្រោងមួយក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹង ទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារADB ក្នុងការស្ថាបនាជាមួយទំហំទឹកប្រាក់ ៤,៦២៩,៣៩៩ ដុល្លារ ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ ខ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០២២ ដោយសាងសង់លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដី សរុប ១៩,៧៦ ហិកតា។

រណ្ដៅទុកដាក់សំរាមមាន ទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែល ត្រូវជា ១,៣៦ហិកតា។ តាមផែនការរណ្ដៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់១០ម៉ែត្រ គិតពីមាត់រណ្ដៅ អាចផ្ទុកបរិមាណសំរាម បានប្រមាណ ៩៧,៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ ៤៧៨នាក់ នៅក្នុងជុំវិញទីរួមខេត្តកំពង់ធំ៕