(ភ្នំពេញ)៖ បណ្តាញព័ត៌មាន Fresh News សូមផ្សាយអត្ថបទមួយ អំពីដំណើរឆ្ពោះទៅការសង្រ្គោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយផ្អែកលើទ្រឹស្តី រ៉ូប៊ីខុន ។ អត្ថបទនេះ សរសេរដោយដោយ ព្រំ ផល្លា, និពន្ធនាយក ឌឹញ៉ូវ (D-News: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម)។

អ្វីទៅជា រូប៊ីខុន (Rubicon)?

ជូលីស សេសារ (Julius Caesar) ឃើញភាពអយុត្តិធម៌ដែលកើតឡើងដោយសារសង្រ្គាម ធ្វើឲ្យគាត់មានការតស៊ូជាបន្តបន្ទាប់រហូតក្លាយជាសមាជិកព្រឹទ្ធសភារបស់ទីក្រុងរ៉ូម (Rome)។ បន្ទាប់មកបានក្លាយជាមេទ័ពប្រយុទ្ធក្នុងសង្រ្គាម ហ្គូល (Gaul) ដើម្បីអាជីពនយោបាយរបស់គាត់។ គាត់បានទទួលជ័យជម្នះសង្រ្គាមនៅ ហ្គូល (Gaul) ហើយបានគ្រប់គ្រងនៅទីនោះ។ បន្ទាប់ពីទទួលបានជ័យជម្នះ គាត់មានបំណងត្រឡប់ទៅរ៉ូមវិញ។ នៅថ្ងៃទី១០ ខែ មករា ឆ្នាំ៤៩ មុនគ្រិស្តសករាជ នៅត្រើយខាង ហ្គូល (Gaul) នៃទន្លេ រូប៊ីខុន (Rubicon), ជូលីស សេសារ (Julius Caesar) និងទាហានរបស់គាត់បានឈប់នៅទីនោះ ហើយបានថ្លឹងថ្លែងនូវជម្រើស ។

តាមពិត រូប៊ីខុន គ្រាន់តែធំជាងអូរបន្តិចតែប៉ុណ្ណោះ។ ទន្លេនេះមានសារសំខាន់សម្រាប់ ទីក្រុងរ៉ូម បើគិតពីទីតាំង ព្រោះវាជាព្រំដែនរវាង អ៊ីតាលី និង ស៊ីសាល់ភីន ហ្គូល (Cisalpin Gaul) ដែលជាតំបន់នៅខាងត្បូងជូរភ្នំអាល់ (Alps) ដែលគ្រប់គ្រងដោយ ជូលីស សេសារ ។ ការឆ្លងកាត់តំបន់នេះនឹងនាំឲ្យមានផលអាក្រក់ធ្ងន់ធ្ងរ។ តាមច្បាប់សាធារណរដ្ឋរ៉ូម៉ង់ អ្នកគ្រប់គ្រងតំបន់ណាមួយដែលដឹកនាំទ័ពត្រឡប់ចូលទៅក្រុងរ៉ូមវិញ នឹងត្រូវបានចាត់ទុកជាសត្រូវ ជាជនក្បត់ និង ជាការបង្កសង្រ្គាម ។

ដោយខ្លាចឥទ្ធិពលរបស់ សេសារ កើនឡើងជាលំដាប់ ព្រឹទ្ធសភា បានបញ្ជាឲ្យ សេសារ ទម្លាក់អាវុធ។ ប៉ុន្តែ សេសារ មិនស្តាប់បង្គាប់ព្រឹទ្ធសភា ហើយគាត់បានដឹងយ៉ាងច្បាស់អំពីលទ្ធផលនៃការមិនចុះចូលរបស់គាត់។ គាត់ដឹងយ៉ាងច្បាស់ថា សង្រ្គាមស៊ីវិលនឹងកើតឡើងរវាងគាត់ និង រ៉ូម ដែលដឹកនាំដោយសត្រូវដែលខ្លាំងបំផុត និងជាអ្នកធ្លាប់ជាសម្ព័ន្ធមិត្តរបស់គាត់។ ប្រសិនបើគាត់ជ្រើសរើសការឆ្លងកាត់ រូប៊ីខុន វានឹងមិនអាចត្រឡប់ក្រោយវិញបានឡើយ ។

បន្ទាប់ពីឈ្នះសង្រ្គាមស៊ីវិលនេះ សេសារ បានឡើងកាន់អំណាចផ្តាច់ការ និងបានចាប់ផ្តើមនូវសករាជចក្រពត្តិរ៉ូម។

ការឆ្លងកាត់ទន្លេ រូប៊ីខុន របស់ សេសារ បានក្លាយជាទ្រឹស្តីមួយសម្រាប់ប្រើប្រាស់នៅក្នុងសង្រ្គាម និង ទំនាក់ទំនងអន្តរជាតិ។ ទ្រឹស្តី រូប៊ីខុន គឺជាទ្រឹស្តីមួយក្នុងចំណោមទ្រឹស្តីមួយចំនួន ដែលយោធាអាមេរិកយកមកប្រើប្រាស់។ ទ្រឹស្តីនេះត្រូវបានដាក់បញ្ចូលនៅក្នុងវិទ្យាសាស្ត្រយោធាបង្រៀននៅសាកលវិទ្យាល័យ និង ដាក់ចូលជាក្រិត្យក្រមរបស់យោធា។

គោលបំណងក្នុងការសិក្សាអំពីទ្រឹស្តីនេះគឺដើម្បីយល់ឲ្យបានច្រើនអំពីបំណងរបស់សត្រូវ និង ដើម្បីជៀសវាងនូវសកម្មភាពបង្កហេតុណាមួយ ដោយមិនបង្កការឆ្លើយតបមួយដែលនាំដល់ចំនុចមិនអាចត្រឡប់ក្រោយបាន ។

ដំណាក់កាលធ្វើសកម្មភាព

អ្នកសិក្សាបានវិភាគទៅលើទម្រង់សកម្មភាពនៃទ្រឹស្តី រូប៊ីខុន ដែលព្យាយាមឆ្លើយទៅនឹងសំណួរដូចខាងក្រោម៖

• តើមនុស្សជ្រើសរើសគោលដៅរបស់ខ្លួនដោយរបៀបណា?
• តើគាត់រៀបចំគម្រោងយ៉ាងដូចម្តេចដើម្បីសម្រេចគោលដៅនោះ?
• តើគាត់អនុវត្តគម្រោងនេះដោយរបៀបណា?
• តើគាត់វាយតម្លៃទៅលើការប្រឹងប្រែងរបស់ខ្លួនដោយរបៀបណាដើម្បីទៅដល់គោលដៅរបស់ខ្លួន?

តាមទ្រឹស្តី Rubicon នៅក្នុងដំណាក់កាលសកម្មភាពទាក់ទងទៅនឹងដំណាក់កាលនៃ៖

១៖ ការគ្រោងទុកជាមុននូវលទ្ធផលជាសក្តានុពលដែលវិជ្ជមាន និង អវិជ្ជមានទៅលើបំណងប្រាថ្នា និង ជម្រើសសកម្មភាព (ដំណាក់កាលនៅមុនពេលសម្រេចចិត្ត)។

២៖ ដំណាក់កាលនៃការរៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់ដើម្បីទៅដល់គោលដៅដែលត្រូវបានសម្រេចនៅចុងបញ្ចប់នៃដំណាក់កាលសម្រេចចិត្ត (ដំណាក់កាលនៅមុនសកម្មភាព ឬ នៅបន្ទាប់ពីការសម្រេចចិត្ត)។

៣៖ ដំណាក់កាលអនុម័តយកយុទ្ធសាស្រ្តដែលបានរៀបចំ (ដំណាក់កាលសកម្មភាព)។

៤៖ និង ចុងបញ្ចប់គឺជាដំណាក់កាលនៃការវាយតម្លៃលទ្ធផលនៃសកម្មភាព (ដំណាក់កាលបន្ទាប់ពីសកម្មភាព) ។

I. ដំណាក់កាលនៅមុនពេលសម្រេចចិត្ត

នៅដំណាក់កាលដំបូងនេះ គឺត្រូវកំណត់ ដោយការគ្រោងទុក។ បុគ្គលមួយរូបត្រូវតែសម្រេចថា តើបំណងប្រាថ្នាមួយណាក្នុងចំណោមបំណងប្រាថ្នាជាច្រើនរបស់ខ្លួន ដែលត្រូវតែបន្ត។ ការជំរុញទឹកចិត្ត (motivation) របស់បុគ្គលមួយរូបត្រូវបានសន្មត់ ដើម្បីបង្កើតនូវកាប៉ងប្រាថ្នាដ៏ពិតប្រាកដ។ ក៏ប៉ុន្តែដោយសាតែសេចក្តីត្រូវការ និង កត្តាជំរុញលើកទឹកចិត្តរបស់មនុស្សបង្កើតនូវបំណងប្រាថ្នាច្រើនជាងអ្វីដែលអាចសម្រេចយក ហើយដែលអាចធ្វើទៅបាន ដូចនេះហើយគាត់ត្រូវតែបង្ខំចិត្តជ្រើសរើសយកក្នុងចំណោមនោះ ហើយប្តេជ្ញាធ្វើដោយខ្លួនឯងសម្រាប់គោលដៅដែលត្រូវបានសម្រេចយក។

ជាចុងបញ្ចប់គេត្រូវតែធ្វើការថ្លឹងថ្លែងលើចំណង់ និង ការអាចធ្វើទៅបានទៅលើការប៉ងប្រាថ្នាជាច្រើនរបស់ខ្លួន។ គោលបំណងនៃដំណាក់កាលដំបូងនេះគឺដើម្បីសម្រេចថា តើបំណងប្រាថ្នាណាមួយរបស់ខ្លួនដែលត្រូវចាប់យក ដោយផ្អែកទៅលើប្រភេទដែលអាចធ្វើទៅបាន (មានន័យថា សេចក្តីសង្ឃឹមទៅលើលទ្ធផលនៃសកម្មភាពដែលចង់បាននោះទទួលបានជោគជ័យ) និង ភាពគាប់ចិត្ត (មានន័យថា តម្លៃនៃលទ្ធផលរបស់សកម្មភាពដែលត្រូវបានរំពឹងទុក) ។

ដំណើរការនៃគម្រោងនេះបង្កើននូវការប្តេជ្ញាទៅនឹងគោលដៅជាក់លាក់មួយ នៅក្នុងការឆ្លងកាត់រូប៊ីខុន រវាងការប៉ងប្រាថ្នា និង គោលដៅ។ ការផ្លាស់ប្តូរពីការប៉ងប្រាថ្នាទៅជាគោលដៅជាក់លាក់បង្កើតបានជាភាពរឹងមាំនៃការប្តេជ្ញាដើម្បីបកប្រែគោលដៅទៅជាសកម្មភាព ។

II. ដំណាក់កាលនៅមុនសកម្មភាព ឬ នៅបន្ទាប់ពីសម្រេចចិត្ត

គោលដៅដែលទើបបង្កើតថ្មី មិនអាចអនុវត្តបានភ្លាមៗនោះទេ។ បុគ្គលជាដំបូងអាចនឹងបញ្ចប់សកម្មភាពផ្សេងៗសិន ឬក៏រង់ចាំដល់ឱកាសសមរម្យដើម្បីចាប់ផ្តើម។ ជាងនេះទៅទៀតនោះចេតនារបស់គោលដៅជាច្រើនបញ្ជាក់ នូវស្ថានភាពគោលដៅ ដែលមិនអាចសម្រេចបានក្នុងពេលភ្លាមៗនោះទេ។ ហេតុដូចនេះហើយបុគ្គលនោះត្រូវបង្ខំឲ្យរង់ចាំដល់ឱកាសអំណោយផលដើម្បីចាប់ផ្តើមនៅមុនពេលរំកិលទៅដល់គោលដៅដែលត្រូវបានដាក់ចេញ។ បើតាមទ្រឹស្តី រូប៊ីខុន អ្នកដែលស្ថិតនៅក្នុងដំណាក់កាលរងចំានេះ គឺស្ថិតនៅក្នុងជំហានទីពីរនៃសកម្មភាព គឺដំណាក់កាលឆន្ទៈនៅមុនពេលសកម្មភាព (ឬក៏ដំណាក់កាលនៅបន្ទាប់ពីការសម្រេចចិត្ត)។

ពាក្យថា “ឆន្ទៈ” នៅទីនេះបញ្ជាក់ថា ការជំរុញទឹកចិត្តទៅលើគម្រោងរៀបចំនៃគោលបំណងសកម្មភាពជាសក្តានុពល (ការប៉ងប្រាថ្នា) ត្រូវបានកំណត់យកដោយការឆ្លងកាត់ រូប៊ីខុន ហើយថា បុគ្គលនោះត្រូវបានប្តេជ្ញាដើម្បីសម្រេចបាននូវគោលដៅដែលបានជ្រើសរើស។ អាស្រ័យហេតុនេះហើយនៅក្នុងដំណាក់កាលនេះ វាលែងជាបញ្ហាចំពោះការជ្រើសរើសគោលដៅដែលគាប់ចិត្ត និង អាចធ្វើទៅបានទៀតហើយ ក៏ប៉ុន្តែវាជាដំណាក់កាលកំណត់ថា ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យសម្រេចបាននូវគោលដៅដែលត្រូវបានជ្រើសរើស ។

ជាទូទៅនៅក្នុងដំណាក់កាលមុនសកម្មភាព បុគ្គលនឹងបង្កើតផែនការជាក់លាក់ថា នៅពេលណា នៅទីណា និង វិធីដែលគោលដៅត្រូវបានអនុវត្ត។ ផែនការទាំងនេះហៅថា ការអនុវត្តគោលបំណង។ អនុលោមតាមគំរូ និង ទ្រឹស្តី រូប៊ីខុន នៃការគ្រប់គ្រងសកម្មភាពគោលបំណង, ការអនុវត្តគោលបំណងទាក់ទងនឹងការផ្តួចផ្តើម, ការប្រព្រឹត្ត, និងការកំណត់យកសកម្មភាព គឺជួយក្នុងការជម្នះនូវផលលំបាកដែលត្រូវបានគិតទុកជាមុន នៅក្នុងខណៈដែលខ្លួនដំណើរការទៅកាន់គោលដៅ (ឧ. ចាប់ផ្តើមធ្វើ និង តាមដានមើល) ។ តាមរយៈការឆ្លងកាត់ រូប៊ីខុន មនុស្សប្តេជ្ញាដោយខ្លួនឯងក្នុងការអនុវត្តយកនូវគោលដៅដែលត្រូវបានជ្រើសរើស។ កម្លាំងនៃការប្តេជ្ញានេះ ដែលត្រូវបានគំរូ រូប៊ីខុន កំណត់ថាជា កម្លាំងឆន្ទៈ ដែលវាជាបន្ទាត់មុខងារជាវិជ្ជមាននៃកម្លាំងរបស់និន្នាការជំរុញចិត្ត (មានន័យថា ជាភាពគាប់ចិត្ត និង ភាពអាចធ្វើទៅបាននៃគោលដៅដែលត្រូវបានជ្រើសរើស) ។

ជាសង្ខេបអាចនិយាយបានថា ដំណាក់កាលនៅមុនសកម្មភាព បុគ្គលគ្រប់រូបគិតដល់វិធីដ៏ល្អបំផុតដើម្បីបន្តទៅដល់គោលដៅដែលខ្លួនបានសម្រេចយកនៅចុងបញ្ចប់នៅដំណាក់កាលមុនការសម្រេចចិត្ត។ ពួកគេជ្រើសរើសយុទ្ធសាស្ត្រ និង បង្កើតផែនការ ដែលអាចសម្រេចបាននូវគោលដៅដែលចង់បាន ។

III. ដំណាក់កាលសកម្មភាព

ការផ្តួចផ្តើមនូវសកម្មភាពបានរៀបចំឡើងដើម្បីបន្តផែនការដែលបានបង្កើតឡើងនៅក្នុងដំណាក់នៅមុនសកម្មភាព គឺជាសញ្ញានៃការផ្លាស់ប្តូរទៅជាដំណាក់កាលសកម្មភាព។ នៅក្នុងដំណាក់កាលនេះ ការខិតខំរបស់បុគ្គលត្រូវផ្តោតទៅលើសកម្មភាពដែលទាក់ទងដោយផ្ទាល់ទៅនឹងគោលដៅ និងធ្វើរហូតដល់ទទួលបានជោគជ័យ។ កិច្ចខិតខំប្រឹងប្រែងត្រូវបានសម្រួលយ៉ាងល្អបំផុតដោយការបន្តដោយមិនប្រែប្រួលនៃគោលដៅ ដែលតម្រូវឲ្យមានការខិតខំប្រឹងប្រែងនៅក្នុងពេលដែលប្រឈមមុខនឹងសេចក្តីលំបាក និងបន្តសកម្មភាពឡើងវិញនៅពេលដែលសកម្មភាពត្រូវបានរំខាន ។

IV. ដំណាក់កាលបន្ទាប់ពីសកម្មភាព

នៅដំណាក់កាលនេះ បុគ្គលវាយតម្លៃលើលទ្ធផលនៃសកម្មភាពដែលសម្រេចបាន។ ប្រសិនបើពេញចិត្តនឹងលទ្ធផលសម្រេចបាន គេរក្សាទុកគោលដៅដែលកំណត់យកនៅចុងបញ្ចប់នៃដំណាក់កាលនៅមុនការសម្រេចចិត្ត។ ហើយប្រសិនបើខ្លួនមិនពេញចិត្តទៅនឹងលទ្ធផល គាត់នឹងបន្ថយកម្រិតសង្ឃឹមទុក ហើយរក្សាទុកគោលដៅនៅដដែល ឬក៏ រក្សាទុកនូវកម្រិតសង្ឃឹមទុក ហើយបង្កើនការខិតខំប្រឹងប្រែងទៅទៀតដើម្បីសម្រេចបានគោលដៅជាទីគាប់ចិត្ត ។

ករណីដំណើរឆ្ពោះទៅសង្រ្គោះជាតិថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ស្របទៅតាមនិយមន័យ

ការងើបបះបោរ និង ផ្តាច់ខ្លួនដើម្បីការពារជីវិតខ្លួន និងដើម្បីសង្រ្គោះជាតិត្រូវបានមើលឃើញថា ជាដំណើរមិនអាចត្រឡប់ក្រោយបាន។ លទ្ធផលនៃការបះបោរនេះ ត្រូវបានទទួលស្គាល់ជាស្រេចថា ប្រសិនបើមិនងើបបះបោរដើម្បីការពារជីវិតខ្លួនឯង និងរំដោះប្រជាជនពីការកាប់សម្លាប់ដើម្បីកសាងប្រទេសទៅរកភាពប្រក្រតីដែលរស់នៅក្នុងសុខសន្តិភាពនោះទេ នោះខ្លួនក៏នឹងត្រូវបានចាប់ធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់ចោលដោយគ្មានត្រាប្រណីពីខ្មែរក្រហមដែរ។ បញ្ហានៅត្រង់ថា តើត្រូវនៅរង់ចាំឲ្យគេចាប់យកទៅសម្លាប់ចោល ឬក៏ត្រូវងើបបះបោរ។ សេសារ ដឹងយ៉ាងច្បាស់ថា បើគាត់មិនឆ្លងទន្លេ រូប៊ីខុន ក៏គាត់នៅតែនឹងត្រូវបានសម្លាប់ដោយរ៉ូមដែរ ហេតុដូចនេះហើយគាត់ ចាំបាច់ត្រូវតែធ្វើសង្រ្គាមជាមួយរ៉ូម។ និយាយដោយខ្លីគឺដើម្បីការពារជីវិតពីសត្រូវរបស់ខ្លួន។

ការវិភាគព្រឹត្តិការណ៍ភ្ជាប់ទៅនឹងទ្រឹស្តីត្រូវបានដកស្រង់ចេញពី ខ្សែភាពយន្តឯកសារដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩

ដំណាក់កាលនៅមុនពេលសម្រេចចិត្ត
តាមគំរូ រូប៊ីខុន នៃដំណាក់កាលពេលវេលា នៅដំណាក់កាលដំបូងនេះ គឺត្រូវកំណត់ ដោយការគ្រោងទុក ដែលកើតចេញមកពីការប៉ងប្រាថ្នា ដោយមានការជំរុញទឹកចិត្ត។

តើអ្វីទៅជាកត្តាជំរុញទឹកចិត្តដែលធ្វើឲ្យមានដំណើរឆ្ពោះទៅសង្រ្គោះជាតិ?

កត្តាជំរុញសំខាន់ជាងគេ គឺដោយសារមើលឃើញការកាប់សម្លាប់ប្រជាជន និងការប្រព្រឹត្តអំពើយុងឃ្នងសាហាវព្រៃផ្សៃរបស់បក្សកុម្មុយនីស្តកម្ពុជាមកលើប្រជាជនខ្លួនឯង បើមិនស្លាប់ដោយសារការបោសសម្អាត ក៏ស្លាប់ដោយអត់អាហារ ធ្វើការហួសកម្លាំង។

នៅឆ្នាំ១៩៧៧ ដោយឃើញប្រទេសស្ថិតនៅក្នុងភាពគ្រោះថ្នាក់ សម្តេច ហ៊ុន សែន មានជម្រើសទីមួយក្រោកឈរឡើងដើម្បីប្រយុទ្ធបះបោរប្រឆាំងនឹង ប៉ុល ពត។ តែបើក្រោកឈរឡើង ដើម្បីវាយយកស្រុកមេមត់ និង ស្នួល ដោយកម្លាំងប្រមាណ ២០០០ នាក់ដើម្បីយកជាមូលដ្ឋាន នោះការតស៊ូដូចនេះនឹងមិនយូរជាង១ខែឡើយ ដែលនឹងស្លាប់ក្នុងថ្លុកឈាមដោយសារតែការបង្រ្កាបរបស់ ប៉ុល ពត។

តែនេះសម្តេច ហ៊ុន សែន បានទាយថា ជម្រើសនេះមិនអាចធ្វើទៅបាន។ ឯជម្រើសទីពីរ គឺត្រូវដកខ្លួនទៅប្រទេសវៀតណាមដើម្បីរកជំនួយនៅក្នុងការបង្កើតចលនាសង្រ្គោះជាតិ។ សម្តេច ហ៊ុន សែន ក៏នៅមានជម្រើសទីបី ទីបួនថែមទៀត តែវាសុទ្ធតែជម្រើសស្លាប់ទាំងអស់។ ជម្រើសទីបី កុំធ្វើអ្វីទាំងអស់ទុកឲ្យ ប៉ុល ពត ចាប់យកទៅសម្លាប់ និង ជម្រើសទីបួនគឺ ធ្វើអត្តឃាតខ្លួនឯង ។ ជម្រើសទីពីរនេះ(បំណងប្រាថ្នា=សង្រ្គោះជាតិ) មានភាពល្អប្រសើរជាងជម្រើសដ៏ទៃទៀត ដែលនេះវាស្របទៅនឹងទ្រឹស្តី រូប៊ីខុន ថាយើងត្រូវសម្រេចចាប់យកតែជម្រើសមួយក្នុងចំណោមជម្រើសជាច្រើន ដែលជម្រើសមួយនោះអាចធ្វើទៅបាន ដោយមានទំនុកចិត្ត។

មានសំណួរជាច្រើនបានលើកឡើងថា តើសម្តេច ហ៊ុន សែន ត្រូវស្លាប់ដោយជាន់មីននៅពេលឆ្លងព្រំដែន ឬក៏ត្រូវបានសម្លាប់ដោយទាហានព្រំដែនវៀតណាម ហើយថា តើវៀតណាមនឹងចាប់បញ្ជូនលោកមកកម្ពុជាវិញដែរឬទេ ?

ដោយមានជម្រើសល្អតែមួយគត់ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ សម្តេច ហ៊ុន សែន បានសម្រេចចិត្តឆ្លងកាត់ព្រំដែន (ឆ្លងរូប៊ីខុន) ចូលប្រទេសវៀតណាម ដោយយកជីវិតជាដើមទុនក្នុងការតស៊ូរំដោះជាតិ សង្រ្គោះប្រជាជនកម្ពុជា ។

ដំណាក់កាលនៅមុនសកម្មភាព ឬ នៅបន្ទាប់ពីសម្រេចចិត្ត

តាមទ្រឹស្តីនៅពេលដែលឆ្លងកាត់ រូប៊ីខុន (ក្នុងករណីនេះ ឆ្លងកាត់ព្រំដែន) គោលដៅដែលទើបបង្កើតថ្មី មិនអាចអនុវត្តបានភ្លាមៗនោះទេ។ គឺត្រូវរង់ចាំឱកាសសមរម្យដើម្បីចាប់ផ្តើម។ គឺជាពេលដែលត្រូវជ្រើសរើសយុទ្ធសាស្ត្រ និង បង្កើតផែនការ ដែលអាចសម្រេចបាននូវគោលដៅដែលចង់បាន ។ នៅក្នុងដំណាក់កាលនេះ វាលែងជាបញ្ហាចំពោះការជ្រើសរើសគោលដៅដែលគាប់ចិត្ត និង អាចធ្វើទៅបានទៀតហើយ ក៏ប៉ុន្តែវាជាដំណាក់កាលកំណត់ថា ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យសម្រេចបាននូវគោលដៅ (សង្រ្គោះជាតិ) ដែលត្រូវបានជ្រើសរើស ។

សម្តេច ហ៊ុន សែន នៅបន្ទាប់ពីសួរចម្លើយរួច គាត់បានជួបមេដឹកនាំវៀតណាមដើម្បីពន្យល់ពីស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា និង សុំជំនួយ (ផែនការ)។ តែសំណើលើកដំបូងត្រូវបានវៀតណាមច្រានចោល ដោយសារវៀតណាមគិតថា ខ្លួននឹងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា ។

ការវាយប្រហាររបស់ខ្មែរក្រហមទៅលើវៀតណាម ធ្វើឲ្យវៀតណាមផ្លាស់ប្តូរគោលជំហរក្នុងការផ្តល់ជំនួយជូនសម្តេច ហ៊ុន សែន ។ ដែលជាកត្តាធ្វើឲ្យផែនការរបស់លោកលេចចេញជារូបរាង។

វៀតណាមបានជួយឧបត្ថម្ភដោយមិនបានចាប់បញ្ជូនប្រជាជនកម្ពុជា ដែលឆ្លងកាត់ទៅប្រទេសវៀតណាម ដែលប្រការនេះធ្វើឲ្យសម្តេច ហ៊ុន សែន មានឱកាសចាប់ផ្តើមផែនការរបស់ខ្លួនក្នុងការកសាងកម្លាំងនៅក្នុងចំណោមជនភៀសខ្លួន តាមរយៈនយោបាយជ្រើសរើសមនុស្សឲ្យចូលរួមក្នុងកម្លាំងយោធាត្រូវបានអនុវត្ត។ សម្តេច ហ៊ុន សែន បានកសាងបានមូលដ្ឋានជាច្រើន ហើយទទួលបានការគាំទ្រជាច្រើនដែលត្រូវបានរីកធំធាត់ ធ្វើឲ្យតួនាទីរបស់សម្តេចជាអគ្គមគ្គុទ្ទេសក៍កាន់តែច្បាស់ឡើង។ សម្តេច ហ៊ុន សែន ក្នុងពេលនេះក៏ទទួលស្គាល់ផងដែរថា រឿងបែបនេះមិនត្រូវប្រើពេលមួយថ្ងៃពីរថ្ងៃទេ គឺសម្តេចត្រូវសរសេររៀបចំដាក់ឈ្មោះកងទ័ព ។

នយោបាយឈ្នះ-ឈ្នះ ជាជម្រើសបន្ទាប់ដោយកម្ពុជាខ្លួនឯង ដោយផ្អែកលើបរិបទវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលនាំឲ្យទទួលបាននូវសុខសន្តិភាព ដែលឈានដល់ការអភិវឌ្ឍន៍ប្រទេស។ សមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ គឺជាគោលដៅជាទីគាប់ចិត្ត របស់ទ្រឹស្តី រូប៊ីខុន (Rubicon)៕