(កំពង់ស្ពឺ)៖ ចិត្តបរិសុទ្ធជ្រះថ្លា គឺជាដើមចមនៃភាពស្អាត ហើយភាពស្អាតទាំងផ្លូវចិត្ត និងកាយបានដឹកនាំមនុស្សឆ្ពោះទៅរកសេចក្តីសុខប្រកបដោយភាពថ្លៃថ្នូរ និងមានកិត្តិយសនៅក្នុងសង្គមជាតិ។ ទាំងនេះគឺជាគោលបំណង នៃគម្រោងសាងសង់ទីកន្លែងសម្រាប់ធ្វើសមាធិ និងវិបស្សនា របស់មជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលនឹងរៀបចំសាងសង់ដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

នៅក្នុងដំណើរទស្សនកិច្ចចុះពិនិត្យទីតាំងរបស់លោករដ្ឋមន្រ្តី និងគណប្រតិភូអមដំណើរ និងឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា រួមទាំងឧបាសក ឧបាសិកាចំណុះមជ្ឈមណ្ឌល នៅក្នុងបរិវេណមជ្ឈមមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះកុសុមៈគីរីរម្យ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីបានន្តថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិផ្សារភ្ជាប់ និងជីវិតប្រចាំថ្ងៃដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨។

ការសាងសង់ទីកន្លែងធ្វើសមាធិជូនពុទ្ធបរិស័ទនេះ នឹងរៀបចំតង់ជាលក្ខណៈខ្មែរបែបទំនើប មានភាពល្អឯកប្លែកពីតំបន់ដទៃ ដែលបន្សល់ជាស្នាដៃទុកជាកេរ្តិ៍មរតកដល់កូនខ្មែរជំនាន់ក្រោយ។

ជាគម្រោងរដ្ឋមន្រ្តីក្រសួងបរិស្ថាននឹងរៀបចំ ៥ទៅ១០តង់ សម្រាប់ការសាកល្បងជាមុនសិន ម្យ៉ាងចង់ឱ្យមានការចូលរួមការពារ និងអភិរក្សពីប្រជាសហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ពីព្រោះថា ការសាងសង់នេះ គឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់ឱ្យរកប្រាក់ចំណូលបន្ថែម ដើម្បីធ្វើឱ្យជីវភាពគ្រួសារបានល្អប្រសើរ ប៉ុន្តែការរកចំណូលទាំងនេះ គឺកើតចេញពីភាពស្អាត មិនមានការកេងចំណេញ មិនកុហក់ភូតភូរបោកប្រាស់ពុទ្ធបរិស័ទ ឬភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកកម្សាន្ត។

ជារួមគឺជាការប្រកបរបរដោយសុច្ចរិត ត្រឹមត្រូវថ្លៃថ្នូរ មានសោភ័ណភាពស្អាត មិនមានសំរាមប្លាស្ទិកដែលបង្ករការបំពុលបរិស្ថាន ដោយមានកន្លែងទុកដាក់សំរាមត្រឹមត្រូវ ចំណែកតម្លៃម្ហូបអាហារក៏អាចទទួលយកបានតាមរយៈការកំណត់តម្លៃត្រឹមត្រូវ កំណត់ប្រភពនៃទំនិញ និងបរិយាកាសមានផាសុកភាពល្អ៕