(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងក្រុមការងារ បាននាំអំណោយម៉ូតូ និងថវិកាមួយចំនួន ទៅប្រគល់ជូនដល់ដៃសិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន៦ តាមលំដ្ឋានរៀងខ្លួន តាម ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។

លោក ប៉ែន កុសល្យ បានថ្លែងថា ដើម្បីកុំឱ្យសិស្សដែលប្រឡងជាប់និទ្ទេស A និងអាណាព្យាបាលពិបាកក្នុងការធ្វើដំណើរមកទទួលម៉ូតូដែលត្រូវផ្តល់ជូន គប្បីក្រុមការងារត្រូវយកម៉ូតូ និងថវិកាទៅប្រគល់ជូនដល់ផ្ទះតែម្តងទៅ។ ដោយឡែកលោកបាននាំម៉ូតូ១គ្រឿង និងថវិកាមួយចំនួនទៅប្រគល់ជូនដល់ផ្ទះសិស្សដែលជាប់និទ្ទេស A នៅក្រុងសំរោង និងបានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ២០គ្រួសារទៀតផងដែរ។ ដោយឡែកសិស្សប្រឡង ជាប់និទ្ទេស A នៅស្រុកបន្ទាយអំពិល ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ គឺក្រុមការងារយកទៅប្រគល់ជូនដល់ផ្ទះដូចគ្នា។

សូមបញ្ជាក់ថា អំណោយម៉ូតូ និងថវិកាដែលនាំយកទៅប្រគល់ជូនសិស្សប្រឡងជាប់និទ្ទស A ទាំង៦រូប នៅពេលនេះ ជាអំណោយរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ លោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត។

គួររលឹកថា សិស្សប្រឡងជាប់និទ្ទេស A ចំនួន០៦នាក់ ក្នុងឆ្នាំ២០២៣ មានស្រី០៥នាក់  ក្នុងនោះ.វិទ្យាល័យអន្លង់វែង ចំនួន០៣នាក់ ស្រី០២នាក់ ២.វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ចំនួន០១នាក់ស្រី ៣.វិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ចំនួន ០១នាក់ ៤.វិទ្យាល័យ តេជោ សែន សំរោង  ចំនួន០១នាក់ស្រី០១៕