(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្រ្តខេត្តកំពង់ចាម និងលោកស្រីសាស្ត្រាចារ្យ ឱសថបណ្ឌិត ទេព រង្ស៊ី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងចែកអំណោយ រួមមាន សៀវភៅ ប៉ិច សម្លៀកបំពាក់ និងសម្ភារសិក្សាសិស្ស ជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាប៉ាក់ណាម ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។

អ្នកស្រី ជា សុផុន នាយិកាសាលាបឋមសិក្សា ប៉ាក់ណាម បានធ្វើរបាយការណ៍ជម្រាបជូនថា នៅក្នុងសាលា មានអគារចំនួន ២ខ្នង ស្មើនឹង ៨បន្ទប់ មានលោកគ្រូ អ្នកគ្រូ ៤នាក់ ក្នុងនោះគ្រូស្រី ៣នាក់ ហើយសិស្សានុសិស្សមានចំនួន ១៣០នាក់។

លោក ខឹម ប៉ោទៀង មេឃុំពង្រ ស្រុកកោះសូទិន ក្នុងនាម លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងក្មួយៗ កុមារា កុមារី នៅ ក្នុងសាលាបឋមសិក្សាប៉ាក់ណាម ទាំងអស់សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ខៀវ កាញារីទ្ធ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជននានា ដែលតែងតែជួយដល់ សាលាបឋមសិក្សាប៉ាក់ណាម ក៏ដូចជានៅក្នុងឃុំពង្រ ដែលជាបង្ហាញនូវការយកចិត្តទុក្ខគិតគួរពីសុខទុក្ខ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងការសិក្សារបស់សិស្សានុសិស្ស គ្រប់កំរិតសិក្សា ដើម្បីអោយប្រឹងប្រែងសិក្សារៀនសូត្របានពូកែ។

លោក ខៀវ កាញារីទ្ធ បានសំដែងនូវការរីករាយដោយបានមកជួប និងនាំយកនូវអំណោយមកចែកជូនដល់ ចៅៗ ជាសិស្សានិសិស្ស ក្នុងសាលាបឋមសិក្សាប៉ាក់ណាម ហើយលោកបានជំរុញលើកទឹកចិត្តឲ្យសិស្សានិសិស្ស ទាំងអស់បន្តប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យសាលា ស្តាប់គ្រូពន្យល់ណែនាំ ចេះស្រលាញ់រាប់អានគ្នា សាមគ្គីសហការរៀនជាក្រុមជាមួយគ្នា ព្រោះយើងមិនអាចរៀនតែម្នាក់ឯងនោះទេ ព្រោះការវិវឌ្ឍបច្ចេកវិទ្យាលឿនរហ័ស ដែលទាមទារឲ្យការចែករំលែកបទពិសោធន៍ ចំណេះដឹងគ្នាទៅវិញទៅមក។

លោកបានបញ្ជាក់ថា នៅពេលដែលចៅៗ រៀនបានពូ មានការងារល្អធ្វើ អាចរកលុយបានច្រើន ហើយមានអនាគតល្អ ពេលនោះ នឹងមានលទ្ធភាពមកជួយគ្រួសារ និងភូមិ ស្រុករបស់យើងអោយមានការអភិវឌ្ឍរីកចំរើន បន្តទៅមុខទៀត។

លោកបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវចេះរក្សាអនាម័យឲ្យបាន មុនញាំអាហារត្រូវលាងសំអាតដៃឲ្យបានស្អាត មុនចូលគេងត្រូវធ្មេញឲ្យបានល្អ ដើម្បីមានសុខភាពល្អរឹងមាំ ចៀសផុតពីជំងឺឆ្លងនានា។

លោក ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្សុី ព្រមទាំងក្រុមទាំងក្រុមគ្រួសារ ចែកជូនក្មួយៗសិស្សានុសិស្ស និងអ្នកគ្រូ នៅសាលាបឋមសិក្សាប៉ាក់ណាម ក្នុងឱកាសនេះរួមមាន៖ ប៊ិច សៀវភៅ សម្លៀកបំពាក់ នំ និងថវិកា ម្នាក់ ១ មុឺនរៀល សរុបចំនួន ១៣០នាក់ ពីថ្នាក់ទី ១ ដល់ទី ៦។

លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល សម្រាប់អ្នកគ្រូ បន្ថែមហូលម្នាក់ ១ ក្បិន, ជូនសាលាបឋិមសិក្សាប៉ាក់ណាម ១ លានរៀល ការិយាល័យអប់រំស្រុកកោះសូទិន ២០ មុឺនរៀល នគរបាល ២០មុឺនរៀល អាវុធហត្ថ ២០មុឺនរៀល យុវជនស្មគ្រ័ចត្តខេត្តកំពង់ចាម ៥នាក់ ក្នុងម្នាក់ៗ ១០មុឺនរៀល។ ជូនថវិកាលោកអភិបាលស្រុកកោះសូទិន ២០ មុឺនរៀល មេភូមិ ១០ មុឺនរៀល។

ជាមួយគ្នានេះដែរលោក ខៀវ កាញារីទ្ធ និងលោកស្រី បាននាំយកនូវសៀវភៅជាច្រើនមុខជូនដល់បណ្ណាល័យសាលាបឋមសិក្សាប៉ាក់ណាម ទុកសម្រាប់អោយក្មួយៗសិស្សានុសិស្សចូលអានឲ្យបានច្រើនដើម្បីបង្កើនចំណេះដឹង៕