(ភ្នំពេញ)៖ លោកស្រី មឿង ស៊ាងសេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា វត្តមានសាលាបណ្តុះបណ្តាលបច្ចេកទេស ជីនហេ ដែលបង្កើតឡើងដោយជនជាតិកូរ៉េ នៅក្នុងប្រទេសកម្ពុជា នឹងចូលរួមចំណែក ជួយដល់កូនខ្មែរឱ្យមានជំនាញមួយច្បាស់លាស់ ដើម្បីទៅធ្វើការនៅប្រទេសកូរ៉េ និងអាចរកចំណូលមកជួយផ្គត់ផ្គង់គ្រួសារឱ្យមានជីវភាពកាន់តែសមរម្យ។

លោកស្រី មឿង ស៊ាងសេង បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសដែលលោកស្រីអញ្ជើញសម្ពោធបើកឱ្យដំណើរការសាលាបណ្តុះបណ្តាលបច្ចេកទេស ជីនហេ នៅសង្កាត់ច្រាំចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក គីម ជូស៊ីន ជំនួយការផ្ទាល់អភិបាលកូរ៉េ, លោក គីម ជីនអ៊ុក នាយកសាលាបណ្តុះបណ្តាលបច្ចេកទេស ជីនហេ និងលោកស្រី គីម ហ៊េយ៉ង់ នាយិកាសាលាបណ្តុះបណ្តាលបច្ចេកទេស ជីនហេ រួមទាំងមាន លោកគ្រូ អ្នកគ្រូ និងសិស្សជាច្រើននាក់ទៀត។

បន្ថែមពីនេះលោកស្រី មឿង ស៊ាងសេង ក៏បានថ្លែងអរគុណដល់លោកនាយក នាយិកា សាលាបណ្តុះបណ្តាលបច្ចេកទេស ជីនហេ ដែលបានចូលរួមចំណែកក្នុងការជួយបណ្តុះបណ្តាលកូនខ្មែរ ឱ្យមានជំនាញបច្ចេកទេសមួយ ច្បាស់លាស់ ដើម្បីឱ្យកូនខ្មែរអាចទៅធ្វើការនៅប្រទេសកូរ៉េ ជាមួយជំនាញមួយយ៉ាងពិតប្រាកដ។

លោកស្រី មឿន ស៊ាងសេង ក៏បានស្នើឱ្យកូនខ្មែរដែលបានចូលរៀនជំនាញបច្ចេកទេសនៅសាលាបណ្តុះបណ្តាលបច្ចេកទេស ជីនហេ នឹងត្រៀមទៅប្រឡងទៅធ្វើការនៅប្រទេសកូរ៉េ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការងារ ឱ្យបានល្អប្រសើរ ដើម្បីយកកម្រៃមកជួយផ្គត់ផ្គងជីវភាពគ្រួសារ ក្នុងនោះត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណា រួមសាមគ្គីភាពផ្ទៃក្នុងរវាងជនជាតិខ្មែរនៅកូរ៉េ និងជនជាតិកូរ៉េ ដើម្បីឱ្យការងារបានកាន់តែងាយស្រួលផងដែរ។

បើតាមលោក ហោ ប៉ាក់ គ្រូបង្រៀនៅសាលាបណ្តុះបណ្តាលបច្ចេកទេស ជីនហេ បានបញ្ជាក់ឱ្យដឹងថា សាលាបណ្តុះបណ្តាលបច្ចេកទេស ជីនហេ បានចូលរួមបណ្តុះបណ្តាលទាំងជំនាញភាសាកូរ៉េ និងជំនាញបច្ចេកទេស ដែលគិតមកដល់ពេលនេះមានសិស្សបានចូលរៀនជិត១០០នាក់ហើយ និងនៅមានសិស្សបានបន្តចុះឈ្មោះចូលរៀនជាបន្តបន្ទាប់ទៀតផងដែរ។

លោក ហោ ប៉ាក់ បានបញ្ជាក់ទៀតថា សាលាបណ្តុះបណ្តាលបច្ចេកទេស ជីនហេ ក្រៅពីបង្រៀនភាសាកូរ៉េ គឺមានបណ្តុះបណ្តាលលើជំនាញអគ្គីសនី (ពាក់ព័ន្ធនឹងផ្នែកកប៉ាល់) និងជំនាញតោនថ្នាំ ដែលមានការបង្រៀន ដោយផ្ទាល់ពីគ្រូជនជាតិកូរ៉េ ក្នុងនោះបន្ទាប់ពីសិស្សបានទទួលសញ្ញាបត្រនេះហើយ សិស្សនឹងមានឱកាសអាចចូលធ្វើតេស្តសមត្ថភាព ដែលបានរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចទៅធ្វើការនៅប្រទេសកូរ៉េបាន ជាចក្ខុវិស័យនាពេលខាងមុខ សាលាក៏នឹងមានបន្ថែមជំនាញដូចជា ជំនាញស្ត្រីមេផ្ទះមើលថែមនុស្សចាស់ និងជំនាញផ្សេងៗជាច្រើនទៀតផងដែរ៕