(ភ្នំពេញ)៖ លោកបណ្ឌិត ឆាយ សុផល បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅសប្តាហ៍នេះបានចេញសៀវភៅជាស្នាដៃថ្មីរបស់លោក មានចំណងជើងថា «នាយករដ្ឋមន្រ្តី ៣៧រូប នៃកម្ពុជា, របត់នយោបាយ និងសង្គម ក្នុងភ្លើងសង្រ្គាម និងសន្តិភាព» ដោយសៀវភៅនេះបានបង្ហាញពីជីវប្រវត្តិនាយករដ្ឋមន្រ្តី ខ្មែរ ចំនួន៣៧អង្គ/រូប និងរបត់នយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងដំណាក់កាលនីមួយៗ ដែលប្រទេសបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមបង្ហូរឈាមគ្នារហូតប្រទេសទទួលបានសន្តិភាពពេញលេញ។

បើតាមអ្នកនិពន្ធ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៤៥ជាឆ្នាំ ដែលពិភពលោកបានបញ្ចប់សង្រ្គាមលោកលើកទី២ រហូតមកដល់បច្ចុប្បន្ន គឺប្រទេសកម្ពុជាមាននាយករដ្ឋមន្រ្តីខ្មែរ ចំនួន ៣៧អង្គ/ រូបក្នុងនោះសែរាជវង្សមានចំនួន ៨អង្គ (សែនរោត្តម ចំនួន៣អង្គ និងសែ ស៊ីសុវត្ថិ ចំនួន៥អង្គ) ហើយសែរាស្រ្តមានចំនួន ២៩រូប។

លោកបណ្ឌិត ឆាយ សុផល បានបញ្ជាក់ថា នៅក្នុងចំណោមនាយករដ្ឋមន្រ្តីខ្មែរទាំង ៣៧អង្គ/រូប គឺភាគច្រើនបានកាន់ តំណែង ប៉ុន្តែគ្មានអំណាច និងឥទ្ធិពល ច្រើនឡើយ ព្រោះថាអំណាចស្ថិតនៅលើព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ/ប្រមុខរដ្ឋ និងពួកចក្រពត្តិគាំទ្ររដ្ឋប្រហារ ហើយមានតែនាយករដ្ឋមន្រ្តី ៤អង្គ/រូប ប៉ុណ្ណោះដែលមានអំណាច និងឥទ្ធិពល ហើយល្បីល្បាញជាសកលក្នុងនោះរួមមាន៖

 ទី១៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានសោយរាជ្យ ជាព្រះមហាក្សត្រផង ជាព្រះប្រមុខរដ្ឋផង និងជានាយករដ្ឋមន្រ្តីផង។ ទ្រង់ទទួលបានស្នាព្រះហស្តដោយទាមទារឯករាជ្យពីអាណានិគមបារាំង បានជាផ្លូវការនាឆ្នាំ១៩៥៣ ហើយបានសាងសង់វិមានឯករាជ្យជាតំណាងឯករាជភាពនៃកម្ពុជា និងបានអភិវឌ្ឍប្រទេសយ៉ាងលេចធ្លោ នៅក្នុងតំបន់អាស៊ី មុនប្រទេសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម នាថ្ងៃរដ្ឋប្រហារទី១៨ ខែមីនា ឆ្នាំ១៩៧០។

ទី២៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាកូនកសិករ បានប្រថុយប្រថានជីវិត និងលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជាតិ និងមាតុភូមិក្នុងនោះរួមមាន៖

*យកជីវិតធ្វើដើមទុន ដោយស៊ូឃ្លាតឆ្ងាយទាំងទឹកភ្នែក ពីភរិយាកំពុងមានផ្ទៃពោះ៦ខែ ដើម្បីជួយរំដោះមនុស្សរាប់លាននាក់ដែលកំពុងរង់ចាំសេចក្តីស្លាប់ចេញ ពីរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម ហើយស្តារប្រទេសពីចំណុចសូន្យ ជាមួយឥស្សរជនផ្សេងទៀត រហូតប្រទេសមានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្នសម្រាប់អ្នកបន្តវេន។

*ជាតំណក់ទឹកភ្លៀង ជាម្លប់ និងជាទីពឹងនៃកសិករ កម្មករ កម្មការិនី និងអ្នកបម្រើការទាំងក្របខណ្ឌសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស។

*ជាឥស្សរជនខ្មែរទី១ ដែលបានប្រើយុទ្ធសាស្រ្ត ឌីហ្វ៊ីដ (DIFID) និងនយោបាយឈ្នះឈ្នះ ដោយបញ្ចប់សង្គ្រាមដែលមេដឹកនាំជំនាន់មុនបានបង្កើតឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មក និងបានបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយក្រុម ប៉ុល ពត និងធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាពទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយប្រទេសរស់នៅក្នុងឯកភាពជាតិតែមួយជាតម្លៃសម្រាប់ការស្តារ និងការអភិវឌ្ឍមាតុភូមិឡើងវិញ។ វិមាន ឈ្នះឈ្នះ ក៏ត្រូបានសាងសង់ឡើងដើម្បីជានិមិត្តរូប និងការចងចាំសម្រាប់មនុស្សជំនាន់ក្រោយពីគុណតម្លៃនៃសន្តិភាពដែលរកបានទាំងលំបាក ហើយត្រូវនាំគ្នាប្រឹងថែរក្សា និងជ្រោមជ្រែងសន្តិភាពតរៀងទៅ។

*ជាឥស្សរជនខ្មែរទី១ ដែលប្រឹងប្រែងនាំមេដឹកនាំប្រល័យពូជសាសន៍ ខ្មែរក្រហម ថ្នាក់កំពូលបំផុតមកកាត់ទោស ដើម្បីយុត្តិធម៌ប្រវត្តិសាស្រ្តជាតិ និងមនុស្សជាតិក៏ដូចជាសកលលោក ដោយមិនចង់ឱ្យរបបឃោរឃៅបែបនេះកើតឡើងជាថ្មីនៅកម្ពុជា។

*ជាឥស្សរជនខ្មែរទី១ ដែលបានប្រឹងប្រែងបញ្ចប់ ជម្លោះព្រំដែន ដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងបី រួមមាន៖ វៀតណាម ថៃ និងឡាវ ឱ្យបានដាច់ស្រឡះ និងមានបង្គោលព្រំជាក់លាក់ទៅតាមផែនទី ដែលកម្ពុជាបានតម្កល់ទុកនៅឯអង្គការសហប្រជាជាតិ​នាមុនឆ្នាំ១៩៧០ ដើម្បីចៀសវាងមិនឱ្យខ្មែរជំនាន់ក្រោយៗបន្តរងទុក្ខដោយសារតែព្រំប្រទល់ដែន ទឹក ដី មិនច្បាស់លាស់ និងចេះតែត្រូវបានរំលោភ ហើយរំកិល នាំឱ្យបាត់បង់បន្ថែមទៀត។

*ជាឥស្សរជនខ្មែរទី១ ដែលបានបញ្ជូនកងកម្លាំងប្រតិបត្តិការសន្តិភាពខ្ទង់ម៉ឺននាក់ ក្នុងនាមកងទ័ពមួកខៀវ ក្រោមឆត្រអង្គការសហប្រជាតិ ដើម្បីទៅ ជួយប្រទេសមួយចំនួនកំពុងមានសង្រ្គាមមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើននៅក្នុងទ្វីបអាហ្រ្វិក មជ្ឈឹម បូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ ដោយជួយលើជំនាញបោសសម្អាតមីន កម្ទេចគ្រឿង ផ្ទុះ អាវុធហត្ថ នៅមន្ទីរពេទ្យកំរិត២ ផ្នែកវិស្វកម្មសំណង់ផ្តេក សំណង់បញ្ឈរ ផ្នែកវិស្វកម្មអាកាសយានដ្ឋាន ផ្នែកនាយទាហានសេនាធិការ និងសង្កេតការណ៍យោធាជាដើម។

បន្ទាប់មក ស្តេចតេជោ បាននាំកិត្យានុភាពនៃកម្ពុជា ចាកចេញពីចំណុចសូន្យ ហើយល្បីរន្ទឺនៅលើឆាកអន្តរជាតិ តាមរយៈបេះដូងមនុស្សធម៌ និងការជួ យសង្រ្គោះជីវិតមនុស្សឱ្យចេញពីជ្រោះមរណៈ គឺជំងឺកូវីដ១៩ ដែលជាជំងឺឆ្លង តាមផ្លូវដង្ហើមជាសកល នៅចន្លោះចុងឆ្នាំ២០១៩-២០២២។ មិនតែត្រឹមជួយប្រជាជនខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចែករំលែកជំនួយវេជ្ជសាស្រ្ត និងថវិកាមួយចំនួនដល់បរទេសក្នុងគ្រាមានជំងឺកូវីដ១៩ ទៀតផង ដូចជា៖ ផ្តល់ជូន ប្រទេសឡាវ មីយ៉ានម៉ា ប៉ង់ក្លាដេស និងទីម័រខាងកើត ជាដើម។

ជាងនេះទៅទៀត ភាពល្បីល្បាញខ្ចរខ្ចាយលើឆាកអន្តរជាតិនឹកស្មានមិនដល់ចំពោះការរៀបចំព្រឹត្តិការណ៍ធំៗខ្នាតអន្តរជាតិ ទាំងព្រឹត្តិ ការណ៍ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សិល្បៈ និងកីឡា ដោយមេដឹកនាំពិភពលោកអបអរសាទរ និងចូលរួមដែលកន្លងមក បរទេសជិត ឆ្ងាយមួយចំនួនគិតថា កម្ពុជាខ្សោយ មិនអាចធ្វើបាន។

សម្តេចតេជោ ហ៊ុន សែន តែងតែលើកឡើងថា៖ «ដួលកន្លែងណា ត្រូវក្រោកកន្លែងហ្នឹង ហើយត្រូវប្រឹងងើបក្រោកដោយខ្លួនឯង។ មានវិបត្តិម្តង វាផ្តល់នូវមេរៀន បទពិសោធន៍ឱ្យយើងម្តង [គឺ] មិនមែនតែខ្លួនយើងទេ.......។ ខ្ញុំមិនដណ្តើមស្នាដៃនរណាទេ ប៉ុន្តែក៏សូមកុំ ដណ្តើមយកស្នាដៃរបស់ខ្ញុំបានហើយ។…សន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែ សម្រាប់ប្រជាជាតិទាំងមូល និងប្រជាជនទាំងអស់គ្នា»។  

ទី៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា ដែលជាកូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានឡើងកាន់តំណែង តាមរយៈការបោះឆ្នោតផ្ទៃក្នុងនៅក្នុងគណបក្សប្រជាជនកម្ពុជា មុនការបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ តាមលក្ខណៈប្រជាធិបតេយ្យ ដោយមានអ្នកបោះឆ្នោតភាគច្រើនលើសលប់បានគាំទ្រគណបក្សប្រជាជនកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីខ្មែរដំបូងគេ ដែលមានចំណេះជំនាញផ្នែកយោធាតាមរយៈការសិក្សា ជាន់ខ្ពស់នៅសាលាយោធា West Point ក្នុងសហរដ្ឋ អាម៉េរិក និងមានបណ្ឌិតផ្នែកសេដ្ឋកិច្ច ដែលជាទុននៃការគ្រប់គ្រងប្រទេស ព្រោះថាការកាច់ចង្កូតនាវាប្រទេសបើគ្មានចំណេះ ជំនាញផ្នែក យោធា និងសេដ្ឋកិច្ចទេនោះពិត ជាមិនមានភាពងាយស្រួលប៉ុន្មានឡើយ បើទោះជាមានទីប្រឹក្សាច្រើនក៏ដោយ។ សម្តេច ហ៊ុន ម៉ាណែត បានឡើងកាន់ តំណែងជានាយករដ្ឋមន្រ្តី ក្នុងសម័យឌីជីថល និងក្នុងកាលៈទេសៈវិទ្យាសាស្រ្តទំនើប នៃបញ្ញាសិប្បនិម្មិត (AI) ដែលជាការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់ទាំងក្នុងតំបន់ និងសកលលោក ខណៈព័ត៌មានក្លែងក្លាយគ្រប់រូបភាព និងគ្រប់ទម្រង់បានវាយលុកយ៉ាងខ្លាំងជាសកល ហើយពិភពលោក កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដោយសារឥទ្ធិពលជំងឺកូវីដ១៩ ព្រមទាំងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ដែលមានពាក់ព័ន្ធនឹងអង្គការណាតូ (NATO) និងសហរដ្ឋអាម៉េរិក និងការប្រកួតប្រជែងដណ្តើមភូមិសាស្រ្តនយោបាយរបស់ពួកមហាអំណាច។

ជានាយករដ្ឋមន្រ្តីក្មេងជាងគេ ក្នុងចំណោមមេដឹកនាំនៃប្រទេស ១០ផ្សេងទៀត ជាសមាជិកនៃសមាគមអាស៊ាន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បើទោះជាបានលើកឡើងថា «ការងារជានាយករដ្ឋមន្ត្រី គឺស្មើនឹងទម្ងន់យន្តហោះធំៗចំនួន១០សង្កត់លើខ្ញុំ» ក៏ដោយ ក៏លោកបានប្តេជ្ញាចិត្តរក្សាសមិទ្ធផលចាស់ និងបន្តធ្វើថ្មី ក្នុងន័យអភិរក្ស និងអភិវឌ្ឍដើម្បីជាតិ និងមាតុភូមិ។

ទី៤៖ នាយករដ្ឋមន្រ្តី ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ រួមទាំងគូកន ក្នុងនោះមាន នួន ជា និង ខៀវ សំផន ផងដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីដែរ គឺល្បីអសោច ខាងប្រល័យពូជសាសន៍ឯង អស់រាប់លាននាក់ តាមរយៈការសម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការ បាក់កម្លាំង ការបង្អត់អាហារ ការធ្លាក់ខ្លួនឈឺដោយគ្មានថ្នាំព្យាបាល នៅក្នុងការដឹកនាំចន្លោះ ពីថ្ងៃ ទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ប៉ុល ពត, នួន ជា និង ខៀវ សំផន មានអំណាច និងឥទ្ធិពល បន្តែពួកគេបានប្រើប្រាស់អំណាច និងឥទ្ធិពលដូចត្រីវង្វេងបឹង នៅក្នុងរដ្ឋាភិបាលរបស់ខ្លួន ដោយកាត់ផ្តាច់ទាំនាក់ទំនងការទូត ជាមួយបណ្តាប្រទេសនៅក្នុងពិភពលោក បង្កអរិភាពជាមួយប្រទេសជិតខាង ខណៈលុបបំបាត់សិក្សាធិការ និងសាសនាដោយវាយកម្ទេចរូបព្រះពុទ្ធប្បដិមា ហើយយកទីអារាម និងសាលារៀនធ្វើជាគុកជាកន្លែងធ្វើទារុណកម្មមនុស្ស និងជាកន្លែងចិញ្ចឹមសត្វជាដើម។ វប្បធម៌ ប្រពៃណី សេដ្ឋកិច្ច ការចាយលុយ ទីផ្សារត្រូវ បានបិទហើយប្រែក្លាយទីក្រុងភ្នំពេញ និងទីប្រជុំជននានានៅទូទាំងប្រទេសជាទីរហោឋាន ដែលត្រូវបានពិភពលោក ថ្កោលទោសពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។

សៀវភៅ «នាយក រដ្ឋមន្រ្តី ៣៧រូប នៃកម្ពុជា-របត់នយោបាយ និងសង្គមក្នុងភ្លើងសង្រ្គាម និងសន្តិភាព» មានខ្នាត A4 កម្រាស់ ១.៤០០ទំព័រ ហើយប់តាមលោកបណ្ឌិត ឆាយ សុផល គឺសៀវភៅនេះ នឹងចែកជូនបណ្ណាល័យជាតិ បណ្ណាល័យនៃសាកលវិទ្យាល័យ ព្រមទាំងដាក់នៅក្នុងបណ្ណាគារខ្លះ។

លោកបណ្ឌិត ឆាយ សុផល បានបញ្ជាក់ថា ការចេញផ្សាយសៀវភៅនេះ ក៏មានបំណងចូលរួមអបអរថ្ងៃមង្គលរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី៥ មករា ផង និងអបអរទិវាមហាជ័យជម្នះ ៧ មករា ផង ព្រមទាំងទិវាសន្តិភាព ដែលបានមកពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ។

លោកបណ្ឌិត ឆាយ សុផល អ្នកនិពន្ធសៀវភៅ និងសាស្រ្តាចារ្យព័ត៌មាន និងទំនាក់ទំនង ទូរសព្ទ៖ ០១៧ ៥៣៥ ៥៣៥ ឬអ៉ីម៉េល៖ [email protected] Facebook: Sophal Chhay Journalist