(កំពង់ធំ)៖ លោក ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំនៃស្រុកបារាយណ៍ និងស្រុកតាំងគោក របស់គណបក្សប្រជាជនកម្ពុជា ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក គណបក្សខេត្ត ក្រុង ស្រុក និងសមាជិកក្រុមប្រឹក្សាឃុំនៃស្រុកបារាយណ៍ និងស្រុកតាំងគោក ប្រមាណ១៥០នាក់។

លោក ថោង ខុន បានលើកឡើងថា ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សារជាតិពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ព្រឹទ្ធសភា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ហើយព្រឹទ្ធសភា តំណាងឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ តាមភូមិភាគទាំង៨ទូទាំងប្រទេស និងតំណាងឱ្យប្រជាជាតិខ្មែរទាំងមូល។ ក្នុងរយៈពេល៤នីតិកាលកន្លងមកនេះ ព្រឹទ្ធសភាបានដំណើរការដោយរលូនតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងសម្រេចបានលទ្ធផលការងារជាឧត្តមប្រយោជន៍ចំពោះជាតិ និងប្រជាជន ក្នុងការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការជំរុញកំណែទម្រង់នានា ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន។

លោកបានបញ្ជាក់ទៀតថា ក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ វែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

លោកបញ្ជាក់បន្ថែមថា ការបោះឆ្នោតព្រឹទ្ធ សភាជាការបោះឆ្នោតអសកលផង ជាការជ្រើសតាំងដោយរដ្ឋសភាផង និងចាត់តាំងដោយព្រះមហាក្សត្រផង ហើយសម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភានេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នឹងត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ដូច្នេះការបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះ គឺដើម្បីបន្តនិរន្តភាពការគ្រប់គ្រង ការអភិវឌ្ឍប្រទេស និងការបន្តថែរក្សាសន្តិភាពដែលយើងខំថែរក្សាជាយូរមកហើយ។

លោកបានស្នើឲ្យសមាជិកក្រុមប្រឹក្សាឃុំ និងតំណាងរាស្ត្រក្នុងមុខដំណែងរបស់គណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ធំ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលំដាប់លេខរៀងទី១ ដើម្បីបានសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា។

ដើម្បីជាការលើកទឹកចិត្តដល់សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ នៃស្រុកបារាយណ៍ និងស្រុកតាំងគោកដែលជាអង្គបោះឆ្នោត លោក ថោង ខុន រួមជាមួយលោក ជា ចាត់តូ និងលោកស្រី ឃួន ឃុនឌី បានឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនដល់សមាជិកក្រុមប្រឹក្សាឃុំ ដោយក្នុង១នាក់ទទួលបានអាវរងា១ ក្រមា១ ថ្នាំពេទ្យ TIFFY ៥បន្ទះ និងថវិកា១៥ម៉ឺនរៀល៕