(កំពង់ធំ)៖ បន្ទាប់ពីត្រូវបានប្រកាសជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បណ្ឌិត ថោង ខុន នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ធំ។

ពិធីនេះមានការចូលរួមពីលោក លោកស្រីជាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក គណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសកម្មជនយុវជនបក្សជិត ៨០០នាក់។

ក្នុងឱកាសនោះបណ្ឌិត ថោង ខុន បានគូសរំលេចចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងខ្លឹមសារសំខាន់ៗនៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ អង្គមហាសន្និបាតបានសម្តែងនូវការគោរព និងដឹងគុណក្រៃលែងចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាស្នូលដឹកនាំរបស់គណបក្ស និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។

អង្គមហាសន្និបាតក៏បានបោះឆ្នោតបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ចំនួន ៤៩៦រូប (ធ្វើឱ្យបរិមាណសមាជិកគណៈកម្មាធិការកណ្តាលមានចំនួនសរុប ១ ៣១២រូប) បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលចំនួន ២៣រូប, បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិកគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលចំនួន ៧រូប, និងបោះឆ្នោតជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត ថោង ខុន ក៏បានលើកឡើងថា អង្គមហាសន្និបាតគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពគន្លឹះ ចំនួន៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង, បច្ចេកវិទ្យា ដើម្បីធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

អង្គមហាសន្និបាត ក៏ដាក់ចេញនូវគោលដៅបន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានានាប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាពតាមអភិក្រម «ឆ្លះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាល និងវះកាត់» និងផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការកសាង និងពង្រឹងគណបក្សឱ្យបានកាន់តែរឹងមាំ និងស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង មានសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ផ្សារភ្ជាប់ជាមួយប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ពង្រឹងគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ព្រមទាំងកសាងជួរមន្ត្រីនៅគ្រប់ថ្នាក់ ប្រកបដោយគុណធម៌ និងសមត្ថភាព៕