(ព្រៃវែង)​៖ លោក សួន​ សុម៉ាលីន​ អភិបាលខេត្តព្រៃវែង នាថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងរាជំនាញពាក់ព័ន្ធចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរដូវប្រាំងនៅស្ថានីយបូមទឹកទី៣ (វៃគោ២) ស្ថិតនៅភូមិតាអោង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលអាចជួយសង្រ្គោះស្រូវប្រជាពលរដ្ឋបានប្រមាណ ៧៦០ហិកតា។

ការចុះពិនិត្យការបូមទឹកដេីម្បីជួយសង្គ្រោះស្រូវរដូវប្រាំងនេះ​ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត​ សម្រប់ប្រជាពលរដ្ឋដែលកំពង់ត្រូវការទឹកបូមដាក់ស្រែរបស់គាត់នារដូវប្រាំងនេះ។

លោកអភិបាលខេត្ត បានម្ដែងនូវអារម្មណ៍សប្បាយរីករាយពេលដែលឃើញបងប្អូនប្រជាពលរដ្ឋ ពួកគាត់សប្បាយចិត្ត ខណៈមានទឹកពេញប្រឡាយ សម្រាប់បូមដាក់ស្រូវប្រាំងនាពេលនេះ។

សូមបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី២ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣ខែមករា ឆ្នាំ២០២៤ បានធ្វើការបូមទឹក សង្គ្រោះស្រូវរដូវប្រាំងពីស្ថានីយបូមទឹកទី៣ (វៃគោ២) ស្ថិតនៅស្រុកកំពង់ត្របែក ដោយប្រើប្រាស់ រយៈពេលបូមសរុបចំនួន ១៨ម៉ោង២៥នាទី ដាក់បញ្ចូលទៅក្នុងប្រឡាយមេ ប្រវែង ១៧.៧៦គីឡូម៉ែត្រ  សម្រាប់ស្រោចស្រពក្នុងឃុំទាំង៥ ស្មើនឹង១៩ភូមិ នៃស្រុក កំពង់ត្របែក ដែលមានគ្រួសារទទួលផលចំនួន ៧២០គ្រួសារ លើផ្ទៃដីដាំដុះ ចំនួន ៧៦០.៦០ហិកតា។

គួរំលឹងផងដែរថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានធ្វើការបូមទឹកសង្គ្រោះ ស្រូវរដូវប្រាំងពីស្ថានីយបូមទឹកទី២ (វៃគោ១) ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ដោយប្រើប្រាស់រយៈពេលបូមសរុបចំនួន ៦៥ម៉ោង២០នាទី ដាក់បញ្ចូលទៅក្នុងប្រឡាយមេ ខ្សែទី១ ប្រវែង២៨គីឡូម៉ែត្រ សម្រាប់ស្រោចស្រពក្នុងឃុំទាំង៦ស្មើនឹង ៣២ ភូមិ នៃស្រុកស្វាយអន្ទរ ដែលមានគ្រួសារទទួលផល ចំនួន ៣,៤០៧គ្រួសារ និងផ្ទៃដីដាំដុះ ចំនួន ២,៩៦៩ ហិកតា។

នៅក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យការបូមទឹកដាក់ស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពុងត្របែកនោះផងដែរ លោកអភិបាលខេត្តក៏បានបន្តដំណើរចុះពិនិត្យអំពីវឌ្ឍនភាពការងារនៅច្រកទ្វារស្វាយអាង៉ោង ដើម្បីស្វែងយល់អំពីការរស់នៅរបស់កងកម្លាំងទាំង៣ ដែលកំពុងតែឈរជើងប្រចាំការនៅច្រកទ្វារមួយនេះ។ 

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តផ្តាំផ្ញើរដល់មន្ត្រី កងកម្លាំងទាំង៣ ដែលកំពុងប្រចាំការនៅច្រកទ្វារនេះ ត្រូវខិតខំអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនដោយត្រូវបង្ក្រាបរាល់បទល្មើសជួញដូរគ្រប់ប្រភេទ។

បន្ថែមលើសពីនេះ លោកក៏បានណែនាំបន្ថែមទៀតថា កងកម្លាំងអាជ្ញាធរដែលកំពុងឈរជើងនៅច្រកទ្វារនេះត្រូវធ្វើយ៉ាងណាឱ្យច្រកទ្វារនេះក្លាយជាច្រកទ្វារពោរពេញទៅដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តការណ៍ និងមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសមានចំណងសាមគ្គីភាពរវាង ខេត្តព្រៃវែង ប្រទេសកម្ពុជា និងខេត្តដុងថាប់ ប្រទេសវៀតណាម ស្ថិតស្ថេរ យូអង្វែង៕