(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាង២០នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គសិក្សាអំពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» រយៈពេល ៣ខែមកនេះ។

ពិធីប្រគល់វិញ្ញាបនបត្រនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដោយមានការចូលរួមពី លោក អាន ស៊ីថាវ ដែលជាគ្រូបណ្តុះបណ្តាលផងដែរ។

រាល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា បានបង្ហាញទឹកមុខពោរពេញដោយស្នាមញញឹម និងមានទំនុកចិត្ត ក្រោយទទួលបានការបណ្ដុះបណ្ដាលនៅ FTC។ វគ្គសិក្សាវគ្គនេះ ដែលបានបញ្ចប់នេះ មានសិក្ខាកាមសិក្សាចំនួន២៧នាក់ នៅក្នុងនោះមានទាំងអ្នកសារព័ត៌មាន មន្រ្តីរាជការ ក៏ដូចជាសិស្សនិស្សិតផងដែរ។

នាឱកាសនេះដែរ លោក លឹម ជាវុត្ថា និង លោក អាន ស៊ីថាវ បានអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់យើង តាំងពីដើមរហូតបញ្ចប់វគ្គសិក្សា និងទទួលវិញ្ញាបនបត្រ នាពេលនេះ។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងអំពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» នេះ ទៅប្រើប្រាស់តាមតម្រូវការ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

សិក្ខាកាម បានបង្ហាញចំណាប់អារម្មណ៍ថា «ក្រោយបញ្ចប់ការសិក្សាវគ្គនេះ គាត់បានយល់ដឹងពីការស្រាវជ្រាវសេដ្ឋកិច្ច ដែលកន្លងមកមិនធ្លាប់ដឹង ព្រមជាមួយការសរសេរព័ត៌មានសេដ្ឋកិច្ច ដែលគ្រប់ជ្រុងជ្រោយថែមទៀត។ មិនតែប៉ុណ្ណោះវគ្គនេះ ក៏បានជួយឲ្យគាត់មានការយល់ដឹងពីសារៈសំខាន់លើផ្នែកសេដ្ឋកិច្ច ដែលកន្លងមកហាក់មិនសូវទទួលបានការចាប់អារម្មណ៍ពីអ្នកអានផងដែរ»

ក្រៅពីការសិក្សាអំពីការសរសេរព័ត៌មាន នៅពេលនេះ FTC កំពុងតែទទួលចុះឈ្មោះចូលរៀនវគ្គ «សរសេរព័ត៌មានទាន់ហេតុការណ៍» ថែមទៀត ហើយថ្នាក់សិក្សាថ្មីនេះ នឹងចូលរៀននៅពាក់កណ្ដាលខែមករាខាងមុខ។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕