(ត្បូងឃ្មុំ)៖ សម្ដេចព្រះឧត្តមចរិយា ឆឹង ប៊ុនឈា ព្រះសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យព្រះសីហនុរាជា, លោក ចាន់ សេងចុង អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ បានរៀបចំផ្សព្វផ្សាយ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣១ នៅខេត្តត្បូងឃ្មុំ។

ក្នុងពិធីនេះក៏មានការនិមត្តអញ្ជើញចូលរួមពីមន្ត្រីសង្ឃ អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើទី៣១ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ សោមនស្ស និងដាក់ចេញនូវគោលដៅសម្រាប់អនុវត្តការងារ ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យបានរុងរឿងថ្កុំថ្កើង ទៅថ្ងៃអនាគត។

លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានលើកឡើងថា បច្ចុប្បន្ន សាសនាដែលកំពុងតែធ្វើសកម្មភាពនៅក្នុងខេត្តត្បូងឃ្មុំ មានចំនួន ៤ គឺព្រះពុទ្ធសាសនា, ឥស្លាមសាសនា, គ្រឹស្ទសាសនា និងពុទ្ធសាសនាមហាយាន។ ដោយឡែក ព្រះពុទ្ធសាសនា ក្នុងខេត្តត្បូងឃ្មុំ មានវត្តសរុប ចំនួន ២៥៥វត្ត ក្នុងនោះគណៈធម្មយុត្តិកនិកាយមាន ចំនួន៩វត្ត អាស្រមមានចំនួន៦កន្លែង ព្រះសង្ឃទាំងពីគណៈសរុបមាន ចំនួន ២,៧៧៣អង្គ ផ្នែកសិក្សាអប់រំ មានសាលាពុទ្ធិកបឋមសិក្សា ចំនួន១១កម្រង មានពុទ្ធិកអនុវិទ្យាល័យចំនួន២ និងពុទ្ធិកវិទ្យាល័យចំនួន១។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជួយឧបត្ថមប្រគេនចង្ហាន់ដល់ព្រះសង្ឋ លោកអាចារ្យ គណៈកម្មការវត្ត ក្នុងកម្មវិធីទាំងមូល។ ជាពិសេសលោកបណ្ឌិតអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរសម្របសម្រួលរាល់ការងារពាក់ព័ន្ធ នឹងវិស័យសាសនានៅក្នុងខេត្ត ចូលរួមលើកកម្ពស់វិស័យពុទ្ធិកសិក្សា និងពិធីបុណ្យជាតិពាក់ព័ន្ធនឹងសាសនានានា។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរធម្មការ និងសាលាគណៈខេត្ត ដែលរៀបចំសន្និបាតផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនេះ ក្នុងគោលបំណងថែរក្សាកិត្យានុភាព សេចក្តីថ្លៃថ្នូរ នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពទាក់ទាញ និងជំនឿជឿជាក់ពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននានាទ្វេរឡើងបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕