(កណ្ដាល)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។

សូមជម្រាបថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) ប្រវែង១២០០ម សម្រេចបានប្រមាណ៦២% ដែលក្នុងនោះរួមមាន៖ ទី១)ការងាររៀបបាវការពារចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន១០០% ទី២)ការងារបុកស្បាន់ផាយ (Spun Pile) សម្រេចបាន១០០% ទី៣)ការងារបុកស៊ីផាយសម្រេចបាន៥០% ទី៤)ការងារបេតុងអាមេសម្រេចបាន១៥% និងទី៥)ការងារបំពេញដីសម្រេចបាន៥%។ តាមគម្រោង ការងារនេះនឹងបញ្ចប់ក្នុងដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសឱ្យបន្តនូវកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអាចសម្រេចកិច្ចការការពារច្រាំងទន្លេបាសាក់នេះ តាមផែនការដែលបានគ្រោងទុកប្រកបដោយគុណភាពខ្ពស់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ សិក្សាច្រាំងទន្លេបាសាក់នេះនៅផ្នែកខាងក្រោមការដ្ឋានដែលមានប្រវែងប្រមាណ៣០០០ម៉ែត្រ គួរមានការសាងសង់បន្ត ដើម្បីទប់ស្កាត់ការហូរច្រោះនៃច្រាំងទន្លេបន្ថែមទៀត។

គួរបញ្ជាក់ថា ច្រាំងទន្លេបាសាក់បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) ត្រូវបានហូរច្រោះដោយចរន្តទឹកទន្លេបាសាក់ហូរបុក ជាដំណោះស្រាយបន្ទាន់ ក្រសួងធនធានទឹកនិងឧតុនិយមបានធ្វើការការពារបណ្តោះអាសន្នក្នុងប្រវែង១៥០ម៉ែត្រ ក្នុងកំឡុងខែសីហា ឆ្នាំ២០១៩។

ជាបន្ត ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេបានធ្វើការសិក្សាបច្ចេកទេសលំអិតបន្ថែមរហូតដល់ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ និងបានបន្តសាងសង់សំណង់ច្រាំងទន្លេបាសាក់ បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាលនេះ ប្រវែង១២០០ម៉ែត្រ ជាសំណង់រឹងតែម្តង៕

http://image.freshnewsasia.com/2021/id-025/fn-2024-01-06-05-27-57-12.JPG http://image.freshnewsasia.com/2021/id-025/fn-2024-01-06-05-27-57-13.JPG http://image.freshnewsasia.com/2021/id-025/fn-2024-01-06-05-27-58-14.JPG http://image.freshnewsasia.com/2021/id-025/fn-2024-01-06-05-27-59-15.JPG