(អាមេរិក)៖ អាជ្ញាធររដ្ឋវ៉ាស៉ីនតោន សហរដ្ឋអាមេរិក និងអាជ្ញាធរក្រុងតាកូម៉ា បានចេញលិខិតទទួលស្គាល់ពីសោកនាដកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាពលរដ្ឋខ្មែរធ្លាប់ហែរឆ្លងកាត់ អស់រយៈពេល៣ឆ្នាំ ៨ខែ ២០ឆ្នាំ ជាមួយការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ។

ក្រៅពីទទួលស្គាល់នូវអ្វីដែលជាទុក្ខសោករបស់ប្រជាពលរដ្ឋខ្មែរហើយនោះ អាជ្ញាធររដ្ឋវ៉ាស៉ីនតោន និងអាជ្ញាធរក្រុងតាកូម៉ា ក៏បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែររស់នៅតំបន់នោះ ប្រារព្ធពិធីអបអរសាទរ ថ្ងៃជ័យជម្នះ ៧មករា ខួបលើកទី៤៥ផងដែរ។

ជាមួយគ្នានេះ លោក ឈិន រតនា សមាជិកអចិន្ដ្រៃយ៍ និងជាប្រធានទទួលបន្ទុកអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងរិនតុន បានអញ្ជើញទៅទទួលលិខិតទទួលស្គាល់ និងអបអរសាទរថ្ងៃជ័យជម្នះ ៧មករា ដោយផ្ទាល់ពីលោកអភិបាលរងរដ្ឋវ៉ាស៉ីនតោន និងអភិបាលក្រុងតាកូម៉ា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh New លោក ឈិន រតនា បានបញ្ជាក់នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះថា លោកពិតជាមានសេចក្ដីសប្បាយចិត្តជាពន់ពេក ដែលបានលោកអភិបាលរងរដ្ឋវ៉ាស៊ីនតោន និងអភិបាលក្រុងតាកូម៉ា ដែលបានរៀបចំលិខិត និងសេចក្ដីប្រកាសទទួលលស្គាល់ការពិត និងចូលរួមអបអរសាទរបុណ្យជាតិ ៧មករា ខួបលើកទី៤៥ (០៧ ខែមករា ឆ្នាំ១៩៧៩ - ០៧ ខែមករា ឆ្នាំ ២០២៤) ដែលជាថ្ងៃកំណើតទី២ របស់បងបងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសជាផ្លូវការ។

តំណាងឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ពិតជាមានក្ដីមោទនភាពយ៉ាងក្រៃលែងបំផុត ហើយក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ដែលមានស្ថាប័នរដ្ឋនៅក្នុងសហរដ្ឋអាមេរិក បានទទួលស្គាល់ការពិតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ យ៉ាងសាហាវព្រៃផ្សៃបំផុតក្នុងប្រវត្តិមនុស្សជាតិ ដែលគ្មានប្រទេសណាមួយធ្វើដូច។

លោកបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប បានទទួលបានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះដោយសារជ័យជំនះ ៧ មករានេះ គឺពីការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចទាំងបី និងបងប្អូនខ្មែរយើងទូទៅទាំងប្រទេសផងដែរ៕