(ភ្នំពេញ)៖ ជនភេទទី៣ រួមជាមួយបក្ខពួកសរុបចំនួន៥នាក់ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ នេះបើតាមការឲ្យដឹងពី លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។

សូមជម្រាបថា ជនដៃដល់ដែលជាភេទទី៣ និងបក្ខពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីនេះប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំងអស់នោះ មានទាំងអ្នកដៃដល់ អ្នកថតវីដេអូ និងអ្នកផ្សំគំនិតដើម្បីធ្វើសកម្មភាព។

កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ មានផ្ទុះនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងស្រី) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង តែគេសង្ស័យថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ តែត្រង់ចំណុចមួយនោះ បុគ្គលភេទទី៣ បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។

គួរជម្រាបថា វីដេអូប្រហែល៣នាទី ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គមបង្ហាញពីទង្វើអសីលធម៌របស់យុវជន យុវតីមួយក្រុមនេះ ទាំងដែលពួកគេស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសិស្សសាលា អាវស សំពត់ខៀវ បែរជានាំគ្នាប្រព្រឹត្តអំពើមិនគួរគប្បីទៅវិញ៕