(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានប្រកាសសមាសភាពប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម។

ពិធីប្រកាសសេចក្តីសម្រេចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា។

សមាសភាពប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាមទាំង ៤រូប រួមមានដូចខាងក្រោម៖

*ទី១៖ លោកស្រី ប៉ាង ដានី ជាប្រធានក្រុមការងារចុះជួយសង្កាត់សំបួរមាស
*ទី២៖ លោក ប៊ិ ប៊ុនថា ជាប្រធានក្រុមការងារចុះជួយសង្កាត់កំពង់ចាម
*ទី៣៖ លោក ម៉ា ហូឌី ជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងកុក
*ទី៤៖ លោក ស៊ុន សេងងន ជាប្រធានក្រុមការងារចុះជួយសង្កាត់វាលវង់

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានផ្តាំផ្ញើដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម និងមន្ត្រីគ្រប់រូប ត្រូវបន្តរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។

លោក អ៊ុន ចាន់ដា បានបន្តថា កត្តាសុខសន្តិភាពនោះហើយ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវក្តីសប្បាយរីករាយ ជាពិសេសថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ធ្វើជាទិវាសន្តិភាពផងដែរ ដែលការកំណត់នេះ ត្រូវបានទទួលការគាំទ្រ ពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ផងដែរ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដើម្បីថែរក្សាសុខសន្តិភាពនោះ គឺមន្ត្រីត្រូវមើលទៅលើ ការរក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជាពិសេសមន្ត្រីត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពោលគឺអនុវត្តកត្តាទាំងនេះឱ្យបាននោះសុខសន្តិភាពនឹងមានភាពរឹងមាំយូរអង្វែង៕