(ភ្នំពេញ)៖ គណៈកម្មការទី៨ នៃរដ្ឋសភា (គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា) ដែលមានលោកស្រី ឡោក ខេង ជាប្រធាន បានឯកភាពលើវិធានការគន្លឹះនានា និងផែនការអាទិភាពដែលត្រូវបន្តអនុវត្ត ជាពិសេសការអប់រំសុខភាពនៅក្នុងសហគមន៍ និងការពង្រីកសេវាព្យាបាលជំងឺមិនឆ្លង នៅតាមមណ្ឌលសុខភាពទូទាំងប្រទេស។

ការឯកភាពខាងលើនេះបានធ្វើឡើង បន្ទាប់បានស្តាប់របាយការណ៍ និងការបង្ហាញរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឳកាសលោកសាស្ត្រាដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់គណៈកម្មការទី៨ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការនានាទាំង៩ នៃរដ្ឋសភាដែលប្រព្រឹត្តទៅនៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។

ជាមួយគ្នានេះ គណៈកម្មការទី៨ ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញ និងគាំទ្រលើផែនការសកម្មភាព ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលដែលជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលផងដែរ។

កិច្ចប្រជុំមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ជាពិសេសនៅមូលដ្ឋានសុខាភិបាល ថ្នាក់ក្រោមជាតិ។ លោកស្រីប្រធានគណៈកម្មការទី៨ បានសម្តែងនូវការកោតសរសើរដល់ការខិតខំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីបានតាមដានដោយយកចិតទុកដាក់នូវសកម្មរបស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះ លោកស្រីប្រធាន និងសមាជិក សមាជិកានៃគណៈកម្មការទី៨ នៃរដ្ឋសភា ដែលបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល បន្តប្រឹងប្រែងដោះស្រាយនូវបញ្ហាប្រឈមនានា ពាក់ព័ន្ធជាមួយនឹងសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យកាន់តែមានភាពប្រសើរឡើង៕