(ភ្នំពេញ)៖ បន្ទាប់ពីអង្គភាពព័ត៌មាន Fresh News ចុះផ្សាយនូវអត្ថបមួយ ដែលមានចំណងជើងថា «រឿងធំហើយ! កសិផលរបស់បងប្អូនខ្មែរតាមព្រំដែន នាំចេញទៅប្រទេសថៃមិនបាន ព្រោះគំរូហត្ថលេខារបស់ លោក ម៉ក់ ឧសភា លើ CO មិនដូចគ្នា!» ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នោះ ត្រូវបានលោក ម៉ក់ ឧសភា ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានឆ្លើយតបភ្លាមៗថា លោកស្វាគមន៍ជានិច្ច និងគ្រប់ពេលវេលា សម្រាប់ក្រុមហ៊ុននាំចេញកសិផលទាំងអស់ ដែលមានបញ្ហាពាក់ព័ន្ធគំរូហត្ថលេខា លើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) នោះ។
ថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទលោក ម៉ក់ ឧសភា បានឲ្យដឹងថា លោកស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ ដែលមានបញ្ហាផ្នែក CO នេះ សូមទំនាក់ទំនងទៅលោក ហើយលោកនឹងធ្វើការកែសម្រួល ហត្ថលេខានេះឡើងវិញភ្លាមៗ មិនឲ្យរាំងស្ទះយូរនោះទេ។
ជាមួយគ្នានេះ លោក ម៉ក់ ឧសភា បានបញ្ជាក់ថា ពាក់ព័ន្ធគំរូហត្ថលេខានេះដែរ លោកបានកែសម្រួល និងផ្ញើគំរូហត្ថលេខាថ្មីទៅកាន់ បណ្តាប្រទេសនានារួចអស់ហើយ កាលពីពេលថ្មីៗនេះតាមរយៈក្រសួងការបរទេសផងដែរ។ ដូច្នេះមិនយូរប៉ុន្មាននោះទេ បញ្ហាគំរូហត្ថលេខានេះ នឹងត្រូវដោះស្រាយបញ្ចប់។
សូមជម្រាបថា បណ្តាក្រុមហ៊ុននាំចេញកសិផល របស់បងប្អូនប្រជាពលរដ្ឋខ្មែរ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បាននឹងកំពុងជួបបញ្ហាធំ ជាមួយនឹងការនាំចេញ ទៅកាន់ប្រទេសថៃមិនបាន ព្រោះតែវិញ្ញាបនបត្រសម្គាល់ប្រភពដើមទំនិញ (CO) របស់ក្រសួងពាណិជ្ជកម្ម។ បញ្ហាវិញ្ញាបនបត្រសម្គាល់ប្រភពដើមទំនិញ (CO) នេះ កើតឡើងដោយសារគំរូហត្ថលេខា របស់លោក ម៉ក់ ឧសភា មិនត្រូវគ្នានឹងគំរូហត្ថលេខា CO ដែលក្រសួងពាណិជ្ជកម្មកម្ពុជា ផ្ញើទៅកាន់ក្រសួងពាណិជ្ជកម្មថៃ។ ដោយសារគំរូហត្ថលេខា មិនត្រូវគ្នានេះហើយ ទើបមន្ត្រីគយថៃ មិនយល់ទទួលស្គាល់នូវហត្ថលេខានេះ និងមិនអនុញ្ញាតឲ្យទំនិញកសិផលកម្ពុជា នាំចូលបានឡើយ៕