(កំពង់ធំ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីពិធីប្រកាសប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅខេត្តកំពង់ធំ ដោយលោក ថោង ខុន ត្រូវបានប្រកាសជាប្រធានក្រុមការងារ និងលោកស្រី ជា សិរី ជាអនុប្រធានទី១។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរលោក ជា ចាត់តូ ដែលបានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំកន្លងមក ដោយសម្រេចបាននូវសា្នដៃជាច្រើន ក្នុងការចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍនសង្គម សេដ្ឋកិច្ច លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្កកំពង់ធំ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់លោក ថោង ខុន ដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ធំឲ្យមានការរីកចម្រើនថ្មីៗ បន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវម៉ឺងម៉ាត់។

ព្រមទាំងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដោយឈរលើមាគ៌ារបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ និងការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត ឱ្យទទួលបានលទ្ធផលជោគជ័យ។

ក្នុងឱកាសនោះ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ បានធ្វើការប្តេជ្ញាចិត្ត៦ចំណុចសំខាន់ៗ ដើម្បីបង្កើនជំនឿទុកចិត្តកាន់តែខ្លាំងរបស់ពលរដ្ឋខេត្តកំពង់ធំ និងដណ្តើមជ័យជម្នះគ្រប់ការ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលរួមមាន៖

*១៖ បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់ក្រុមការងារគ្រប់ថ្នាក់ ឲ្យបានកាន់តែរឹងមាំ ដោយឈរលើគោលការណ៍ រក្សាចាស់បង្កើនថ្មី
*២៖ ផ្តល់យោបល់ដល់គណបក្សគ្រប់ថ្នាក់ ក្នុងការពង្រឹងអង្គការចាត់តាំងគណបក្សឲ្យបានរឹងមាំ ទាំងផ្នែកនយោបាយ សតិអារម្មណ៍ ការងារចាត់តាំង និងហិរញ្ញវត្ថុ
*៣៖ យកចិត្តទុកដាក់សហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីកសាងទំនាក់ទំនងល្អជាមួយមហាជន ប្រជាពលរដ្ឋ និងសហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស ដើម្បីទាក់ទាញការគាំទ្របន្ថែមទៀតពីសំណាក់មហាជន និងប្រជាពលរដ្ឋ ចំពោះគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា
*៤៖ បន្តខិតខំពង្រឹង ពង្រីកសមាជិកបក្ស និងបង្កើនប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ
*៥៖ ខិតខំជួយគាំទ្រ បំពាក់បំប៉នពង្រឹងសមត្ថភាពដល់មន្ត្រីគណបក្ស សំដៅលើកកម្ពស់ភាពជាម្ចាស់និងស្មារតីទទួលខុសត្រូវរបស់មន្ត្រី និងអង្គការចាត់តាំងគណបក្សនៅមូលដ្ឋាន ក្នុងការចាត់ចែងដោយផ្ទាល់នូវការងារបក្ស ស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលគណបក្សបានកំណត់
*៦៖ យកចិត្តទុកដាក់សហការជាមួយគណបក្សគ្រប់ថ្នាក់ ដើម្បីចិញ្ចឹមចលនានៅមូលដ្ឋានឲ្យដូចភ្លៀងរលឹម៕