(បន្ទាយមានជ័យ)៖ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ចរបស់គណៈកម្មការរដ្ឋបាលក្នុងការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវបានរៀបចំធ្វើឡើងនៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ ក្នុងគោលបំណងស្វែងយល់សម្របសម្រួលការងារជាមួយក្រុមវាស់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា លើការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃនៅក្នុងមុំទី៤ នៃបញ្ចកោណទី៤ គឺការបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការ និងការកសាងផែនការ រៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ក្រសួងបានដាក់ផែនការ ជំរុញការចុះបញ្ជីបញ្ចប់ ក្បាលដីនៅលស់ទូទាំងប្រទេស (៥លានក្បាលដី) ក្នុងរយៈពេលពីរឆ្នាំ ២០២៤-២០២៥ ក្រសួងបានដាក់ចេញគោលនយោបាយ «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងបរិយាកាស គ្មានវិវាទ»។ នៅក្នុងខេត្តបន្ទាយមានជ័យ សល់ក្បាលដីប៉ាន់ស្មាន មិនទាន់ចុះបញ្ជីប្រមាណ ៣២៥,០០០ក្បាលដី លើចំនួន៣៣៩ ភូមិ៤១ ឃុំសង្កាត់ និង៩ក្រុង ស្រុក នឹងត្រូវជំរុញចុះបញ្ជីបញ្ចប់នៅឆ្នាំ២០២៥ខាងមុខនេះ។

លោក លៀម សុដា អភិបាលរងខេត្ត និងលោក សរ សុវណ្ណ បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អស់លោក លោកស្រី ចាស់ព្រឹទ្ធាចារ្យ តាមភូមិ ឃុំសង្កាត់ ដើម្បីបាននូវពុទ្ធិចំណេះដឹងយកទៅធ្វើការផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋបានយល់ច្បាស់ពីនីតិវិធីច្បាប់បទដ្ឋានកិត្តិយុត្តិ ស្ដីពីការវាស់វែងដីធ្លី ដើម្បីបញ្ជៀសការទំនាស់ ខ្វែងគំនិតគ្នាលើបញ្ហាដីធ្លី៕