(ព្រះសីហនុ)៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់លោក គួច ចំរើន ប្រធានគណ:កម្មាធិការសាខា បានចាត់ឲ្យលោក គាំ សុខុម នាយកសាខា លោក ចាន់ ពន្លក អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកកំពង់សីលា នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២០គ្រួសារ ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។

ក្នុងឱកាសនោះ លោក គាំ សុខុម បានផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹ អាណិតអាសូរក្រៃលែងពីសំណាក់លោក គួច ចំរើន ប្រធានគណ:កម្មាធិការសាខា ជាពិសេសសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះ។

លោកបានបន្ដថា នេះជាគ្រោះធម្មជាតិមួយមិនថាប្រទេសណាទេនោះទេ សូម្បីពិភពលោកក៏រងគ្រោះធម្មជាតិដូចគ្នា ដូចច្នេះសូមមេត្តាប្រុងប្រយ័ត្ន កុំឲ្យមានគ្រោះថា្នក់ដោយសារខ្យល់កន្ត្រាក់។ ក្នុងនោះ មន្ត្រីសាខា ក៏បានផ្សព្វផ្សាយពីជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺអុតស្វា ដល់ប្រជាពលរដ្ឋបានរួមក្នុងថ្ងៃនេះ ឲ្យបានយល់ដឹងនូវរោគសញ្ញា និងវិធានការពារ ហើយសូមថែសុខភាពឲ្យល្អប្រសើរ រស់នៅដោយប្រកាន់យកនូវអនាម័យល្អ បរិភោគស្អាត ផឹកស្អាត។

សូមជម្រាបថា គ្រោះថា្នក់ដោយសារខ្យល់កន្ត្រាក់នេះ បានកើតឡើងទៅលើឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ អំណោយដែលបានចែកជូនក្នុងថ្ងៃនេះ ក្នុងមួយគ្រួសារបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង ទឹកត្រី១យួរ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាចំនួន ៥ម៉ឺនរៀល៕