(ព្រះវិហារ)៖ ខ្លោងទ្វារ និងសមិទ្ធផលនានា ស្ថិតនៅក្នុងវត្តតេជៈរង្សី ហៅវត្តបឹង ក្នុងភូមិបឹង ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលសាងសង់អស់ថវិកាជាង៣មុឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងពុទ្ធបរិស័ទ ជិតឆ្ងាយ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៤ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជលរដ្ឋទូទាំងខេត្ត សូមជួបប្រទះនូវសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងនូវក្តីសោមនស្សរីករាយ ដែលបានឃើញនូវកម្លាំងសាមគ្គីដ៏ល្អប្រពៃរបស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធសាសនិក សប្បុរសជនគ្រប់មជ្ឈដ្ឋាន លោកតា លោកយាយ ពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លា រួបរួមសាមគ្គីគ្នា លះបង់នូវកម្លាំងកាយចិត្ត បូជាចំពោះព្រះរតនត្រ័យ ដែលបានជួយអប់រំទូន្មានកូនចៅឲ្យប្រព្រឹត្តតែអំពើល្អ ដែលជាការចូលរួមចំណែកកសាងធនធានមនុស្សសម្រាប់សង្គមជាតិ និយាយដោយឡែកសម្រាប់ខេត្តព្រះវិហាររបស់យើង។

លោក គីម រិទ្ធី អំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាក្នុងការពង្រឹង និងពង្រីកវិស័យព្រះពុទ្ធសាសនា ឲ្យមានសុខដុមរមណីយកម្មនិងការអភិវឌ្ឍជាបន្តបន្ទាប់ទៀតដោយ៖

* បន្តពង្រឹង និងផ្សព្វផ្សាយ អំពីការគោរពនិងប្រតិបត្រិនូវព្រះធម៍វិន័យ សីលធម៍និងការរស់នៅក្នុងសង្គម ដោយសុច្ចរិត ទៀងត្រង់
* បន្តពង្រឹងនូវគុណភាព រចនាសម្ព័ន្ធ ការគ្រប់ក្រងព្រះសង្ឃ ការរៀនសូត្រ ដែលត្រូវផ្សាភ្ជាប់បច្ចេកវិទ្យាទំនើប ដើម្បីឲ្យពុទ្ធសាសនាមានការរីកចម្រើនបន្ថែមទៀត
* បន្តចូលរួមជ្រោមជ្រែងនូវវិស័យព្រះពុទ្ធសាសនា ដើម្បីចូលរួមចំណែកការពារវប្បធម៍ ប្រពៃណីជាតិដែលជាអត្តសញ្ញាណរបស់ជាតិយើង ដោយយកចិត្តទុកដាក់ចំពោះពុទ្ធិកៈសិក្សា ដែលត្រូវពង្រឹង និងពង្រីក ពីទីក្រុងរហូតទៅដល់ជនបទ
* សូមពុទ្ធបរិស័ទទាំងអស់ប្រកាន់ភ្ជាប់នូវព្រះពុទ្ធឱវាទដែលជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំនិងស្មារតីជំរុញ និងជំរុះចោលនូវការលោភលន់ ការច្រណែន គំនុំ អំពើហិង្សា បន្តខិតខំប្រតិបត្តិខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទផង ស្របតាមលំអានខ្លឹមសារនៅក្នុងព្រះបិដក ដែលជាព្រះធម៍សម្មាសម្ពុទ្ធផង។

លោកអភិបាលខេត្តព្រះវិហារ បានសូមឲ្យបន្តនូវស្មារតីដឹងគុណចំពោះគោលនយោបាយឈ្នះឈ្នះ និងបន្តគាំទ្រទៅដល់ការដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំនាវកម្ពុជារក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ រួមទាំងសិទ្ធសេរីភាពខាងជំនឿសាសនា រក្សាបាននូវសាមគ្គីភាព ស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយមិនរើសអើង និងបែងចែកសង្គម និងនិន្នាការនយោបាយ។

ដោយឡែក លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី បានឲ្យដឹងថា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅក្នុងវត្តតេជៈរង្សី ហៅវត្តបឹង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺចាប់ផ្តើមកសាងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដោយចំណាយអស់ថវិកាសរុបចំនួន៣១,៧៥០ដុល្លារ៕