(តាកែវ)៖ ក្មេងស្រីសិស្សសាលាចំនួន៥នាក់ រៀននៅអនុវិទ្យាល័យអង្គមេត្រី ក្រុងដូនកែវ ខេត្ដតាកែវ ត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធ្វើកិច្ចសន្យាអប់រំ និងឲ្យអាណាព្យាបាលមកធានា បន្ទាប់ពីពួកគេនាំគ្នាថតវីដេអូជាន់ឈ្លីប្រាក់រៀល ហើយប្រើប្រាស់ពាក្យសម្ដីមិនគួរគម្បីនៅតាមបណ្ដាញសង្គម។

តាមរយៈវីដេអូបានបង្ហាញថា ក្រុមក្មេងស្រីសិស្សសាលានេះ បានបង្ហោះវីដេអូនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ម្សិលមិញ បន្ទាប់ពីផ្ទុះនូវការចែកចាយ លាយលំជាមួយសាររិះគន់ដែលធ្លាក់មកជាបន្ដបន្ទាប់ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងរកឃើញសិស្សសាលាមួយក្រុមនេះ ហើយត្រូវបានមន្ទីរអប់រំខេត្តយកមកធ្វើការសួរនាំ។

ក្រោយបញ្ចប់ការសួរនាំ ដោយធ្វើកិច្ចសន្យាអប់រំហើយនោះ សមត្ថកិច្ចបានកោះហៅឪពុក ម្ដាយ អាណាព្យាបាល ដើម្បីមកធ្វើការធានាយកត្រឡប់ទៅវិញរៀងៗខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងស្រីសិស្សសាលាទាំងអស់នេះ បានសន្យាថា នឹងបញ្ឈប់រាល់សកម្មភាពដែលខុសឆ្គងទាំងឡាយបន្ដទៀតហើយ៕