(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យការស្តារផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង៣,៥០០ម៉ែត្រ ដែលតភ្ជាប់ប់ពីផ្លូវជាតិលេខ៥ ទៅកាន់ភូមិចំនួន៣ ភូមិត្រពាំងចាន់ និងភូមិសន្លុង ឃុំត្រពាំងចាន់ និងភូមិទឹកជ្រាប់ ឃុំពេជចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ផ្លូនេះមានប្រជាពលរដ្ឋនៅមូលដ្ឋានប្រើប្រាស់ចំនួន១០,១១៣នាក់ ស្មើនឹង២,៥០០គ្រួសារ ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ទៅប្រកបមុខរបរ ផ្គត់ផ្គង់ជីវភាព និងទទួលសេវាសាធារណៈផ្សេងៗ។
ក្រោយពីពិនិត្យឃើញពីស្ថានភាព និងសក្តានុពលនៃផ្លូវនេះ លោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីបច្ចេកទេសធ្វើការសិក្សាកែលម្អផ្លូវនេះឡើងវិញជាប្រភេទផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ទីអារាម វត្តគម្រាបរុក្ខារាមផងដែរ៕