(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំមន្ដ្រីរាជការក្នុងខេត្ត រៀបចំពិធីក្រុងពាលីសម្ពោធឆ្លង និងពិធីពុទ្ធាភិសេក ព្រះពុទ្ធប្បដិមាថ្មីនៅក្នុងសាលាឆទាន នៅទីតាំងបុស្បុកតម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចតេជោ ហ៊ុន សែន កាលនៅកុមារ។

ពិធីក្រុងពាលីនេះធ្វើឡើង នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅគល់ស្ពានទេ ត្រើយខាងត្បូង ស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួមពីលោក ជា ធីរិទ្ធ ជំនួយការសម្តេចធិបតី ហុ៊ន ម៉ាណែត និងលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត។

បុស្បុកតម្កល់រូបសំណាកនេះ ត្រូវសម្ពោធបើកជាផ្លូវការនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សំណង់បុស្បុកតម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះគឺមានទំហំសាច់ខាងក្នុងប្រវែង៣.៦ម៉ែត្រ គុណ៣.៦ម៉ែត្រ កំពស់ប្រវែង២៤.៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់២.៧ម៉ែត្រ រូបសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពស់ ១.៦៨ម៉ែត្រ ធ្វើអំពីស្ពាន់។

សូមបញ្ជាក់ថា នៅថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រដ្ឋបាលខេត្តក្រចេះ នឹងបញ្ចៀសចរាចរចំពោះយានយន្តធុនធំ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៧៣ (ក្រចេះ-ឆ្លង) នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង១២៖០០ថ្ងៃត្រង់ និងសូមបង្វែរចរាចរទៅតាមផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) ​វិញ៕