(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ បានណែនាំដល់ក្រុមការងារអន្ដរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន ត្រូវរៀបចំស្ដង់ដារ SOP (ស្ដង់ដារនីតិវិធីអនុវត្ត) ដើម្បីគ្រប់គ្រងការនាំចូលសារធាតុគីមីគ្រប់ប្រភេទ ពិសេសសារធាតុដែលអាចយកទៅកែច្នៃផលិតជាគ្រឿងញៀនបាន។

លោក កេត សោផាន់ អ្នកនាំពាក្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោមបញ្ចប់កិច្ចប្រជុំនេះថា ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បែបនេះទៅកាន់ក្រុមការងារអន្ដរក្រសួង ធ្វើឡើងសំដៅពង្រឹងយន្ដទប់ស្កាត់ការយកនូវសារធាតុគីមីផ្សំទាំងអស់នោះ ទៅលួចកែច្នៃផលិតជាគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមឧក្រិដ្ឋជន។

លោកបានបន្ដទៀតថា នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ការរៀបចំស្ដង់ដារ SOP នេះត្រូវធ្វើដោយភាពសាមញ្ញ ហើយមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង ប៉ុន្ដែកុំបង្កឲ្យមានភាពស្មុគស្មាញដល់ក្រុមហ៊ុន ដែលនាំចូលនូវសារធាតុគីមី ដើម្បីយកមកបម្រើឲ្យសេចក្ដីត្រូវការរបស់គេ ពិសេសក្នុងវិស័យឧស្សាហកម្ម សុខាភិបាល វិស័យរ៉ែ និងវិស័យដែលមានការពាក់ព័ន្ធផ្សេងទៀត។

បើតាមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន, តាមបណ្ដាក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ក៏ត្រូវរៀបចំយន្ដការសម្រាប់ប្រើប្រាស់ផ្ទៃក្នុងរបស់ខ្លួនដូចគ្នាផងដែរ ពោលសំដៅធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រង ប្រើប្រាស់នូវសារធាតុគីមីផ្សំ ហើយកុំឲ្យសារធាតុគីមីផ្សំនេះធ្លាក់ទៅក្នុងដៃក្រុមឧក្រិដ្ឋជនដែលបង្កបរិយាកាសឲ្យពួកគេ លួចកែច្នៃផលិតគ្រឿងញៀនបានជាដាច់ខាត។

លោកបានអះអាងទៀតថា ក្រុមការងារនេះ មានតួនាទីជាសេនាធិការជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើការងារត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលយកមកប្រើប្រាស់ក្នុងសកម្មភាពស្របច្បាប់ លើវិស័យ សុខាភិបាល ឧស្សាហកម្ម កសិកម្ម រ៉ែ និងថាមពល ដើម្បីបង្ការទប់ស្កាត់ជៀសការលួចបង្វែរសារធាតុគីមីនេះ ទៅប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់។

ជាមួយគ្នានេះ អ្នកនាំពាក្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អង្គប្រជុំដែលដឹកនាំដោយឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងនូវធាតុចូលសំខាន់ៗជាច្រើន ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការរៀបចំស្ដង់ដារ SOP នេះ។ អង្គប្រជុំក៏បានឯកភាពថា អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងធ្វើបញ្ជីសារធាតុគីមីផ្សំ ដែលអាចយកទៅកែច្នៃជាគ្រឿងញៀន រួចផ្ញើទៅកាន់បណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ។

សូមជម្រាបថា យោងតាមសេចក្ដីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការបង្កើតក្រុមការងារអន្ដរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន បានកំណត់ថា ក្រុមការងារនេះ មានទេសរដ្ឋមន្ដ្រី ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន អមដោយអនុប្រធាន ចំនួន៦រូប និងសមាជិក ចំនួន១០រូប៕