(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង៣៖៤០នាទី រសៀលថ្ងៃទី២៥ ខែសីហានេះ បាននឹងកំពុងជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តព្រះវិហារ។
គួររំលឹកថា ម៉ោង៥ព្រឹកថ្ងៃទី២៥ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញ ពីខេត្តកំពង់ចាម ឆ្ពោះទៅកាន់ខេត្តព្រះវិហារ ដោយសម្តេចបានចុះពិនិត្យមើល តំបន់អភិវឌ្ឍន៍បឹងទន្លេម្រេច របស់ឧញ៉ា ទ្រី ភាព និងបានចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកអ្នក អ្នកគ្រូ នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួន ក្នុងខេត្តព្រះវិហារ។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលនូវការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យ៉ាងច្រើនកុះករ ប្រកបដោយភាពរីករាយជាទីបំផុត។
សូមជម្រាបថា នេះជាយុទ្ធនាការ ចុះគ្រប់២៥រាជធានី-ខេត្ត របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានចុះសំណេះសំណាលរួចហើយ ជាមួយមន្ត្រីរាជការ និងកំលាំងប្រដាប់អាវុធ នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត ព្រះសីហនុ កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ តាកែវ ត្បូងឃ្មុំ និងកំពង់ចាម។
យោងតាមរបាយការណ៍ របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ សរុបមានចំនួន៥៤,៧៨៣គ្រួសារ ស្មើនឹង២១៤,៨៣០នាក់។
ដោយឡែកលើវិស័យបង្កបង្កើនផល គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ប្រជាពលរដ្ឋដាំដុះលើផ្ទៃដីបាន ៧១,០៤៩ហិកតា ស្មើនឹង៨៧.៨៦ភាគរយ លើផែនការ៨០,៨៧០ហិកតា និងដំណាំចំការឈើហូបផ្លែអនុវត្តបាន ៦៨,៦៦៤ហិកតា។
ចំពោះវិស័យទេសចរណ៍ គិតរហូតមកដល់៦ខែ ឆ្នាំ២០១៦នេះ ខេត្តទទួលបានភ្ញៀវទេសចរចំនួន ១៧៨,០២៩នាក់។ ភ្ញៀវទេសចរជាតិ ១៥២,០១៦នាក់ ភ្ញៀវអន្តរជាតិមាន ២៦,០១៣នាក់ កើនឡើង៦,៦៩ភាគរយ បើធៀបនឹងឆ្នាំ២០១៥៕